ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន៣ ទុនសរុប២៣,២លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងផលិតសម្ភារៈការិយាល័យ ដែលអាចផ្ដល់ការងារ ១,៩៨៣កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-ក្រុមហ៊ុន LE HOO (CAMBODIA) FURNITURE COMPANY LIMITED. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៩២កន្លែង។
២-ក្រុមហ៊ុន XINKAIDA LIGHTING CO., LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៤១កន្លែង។
៣-ក្រុមហ៊ុន GUANGBO (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)