ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកស្ពានដែកបាឡេឫស្សីកែវ មកដាក់ឱ្យប្រើប្រាស់ឆ្លងទន្លេបាសាក់បណ្ដោះអាសន្នពីព្រែកប្រា មកចាក់អង្រែ ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូលរាជធានីភ្នំពេញ មុនពេលស្ពានថ្មីលេចរូបរាងនាពេលខាងមុខ។
ការសម្រេចយ៉ាងដូច្នេះ របស់ប្រមុខរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងបន្តថា នៅរាជធានីភ្នំពេញ ត្រូវការស្ពាន ៣បន្ថែមទៀត រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។
ក្នុងចំណោមស្ពានទាំងបីនេះ មានស្ពានចំនួនពីរ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចចាប់ផ្តើមសាងសង់នាពេលឆាប់ខាងមុខ។ បើតាមការបញ្ជាក់របស់ប្រមុខរាជេរដ្ឋាភិបាល បានបន្ថែមថា ចំណែកស្ពាន ឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រាទៅចាក់អង្រែ កំពុងស្ថិតក្នុងការចរចាស្នើកម្ចីសម្បទានពីប្រទេសចិន។
សម្រាប់គម្រោងស្ពានថ្មីដែលគ្រោងនឹងសាងសង់ឆ្លងកាត់ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រាទៅ ចាក់អង្រែទៅ ត្រូវបានបញ្ចប់ការសិក្សារួចរាល់ហើយ ស្ពាន១ខ្សែ មានប្រវែង ៨៤៥ម៉ែត្រ ដោយបែងចែក ៤គន្លង គឺ២ ទៅ២មក។ គម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងចំណាយថវិកាប្រមាណ ៦០លានដុល្លារ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ។
សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ០៧ មិថុនាខាងមុខនេះ ក៏នឹងមានការសាងសង់ស្ពានដ៏វែងឆ្លងទន្លេមេគង្គនៅដីឥដ្ឋស្រុកកៀនស្វាយ ដើម្បីតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿននេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ រដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិសាងសង់មានប្រវែង ២២៥០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលនឹងត្រូវចំណាយជាង ២០០លានដុល្លារ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលមានទីតាំងនៅម្ដុំព្រែកប្រាក្នុងខណ្ឌច្បារអំពៅ តភ្ជាប់មកតំបន់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្រុងតាខ្មៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)