ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ២០២៣ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ ក្នុងខេត្តកំពតសម្រេចបាន ២៣,១២% និងគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ក្នុងកែប គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្រេចបាន ៣១,៧៣%។ បើតាម លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពផ្លូវទាំងពីរខ្សែ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
គម្រោងស្ដារ និងលើកកម្រិតគុណភាព ក្នុងខេត្តកំពត ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២% ក្នុងនោះដែរ ១)- ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៤៤,៩៧គីឡូម៉ែត្រ ២)-ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤០,២៩គីឡូម៉ែត្រ និង ៣)-ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ១៥,៤៣គីឡូម៉ែត្រ។
ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ក្នុងខេត្តកែប ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣ សម្រេចបាន ៣១,៧៣% ក្នុងនោះដែរ ១)-ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧គីឡូម៉ែត្រ ២)-ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៦,៥៤គ.ម និង ៣-ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣១,៤៤គីឡូម៉ែត្រ។
តាមរយៈតួលេខខាងលើបង្ហាញឱ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿនជាងផែនការដែលបានគ្រោងទុក នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឱ្យគម្រោងនឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង។
បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។
សូមរម្លឹកថា៖ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។
ផ្លូវជាតិទាំងពីរខ្សែនេះ កំពុងអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
ចំពោះផ្លូវជាតិលេខ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)