ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា ទទួលបានភ្ញៀវបរទេសសរុប ១,២៩១,៥៣៩នាក់ កើនឡើង ៧០៩,៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ដែលមានចំនួន ១៥៩,៥៤៦នាក់។ បើតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំនួនភ្ញៀវបរទេសមកតាមផ្លូវអាកាសស្មើ ៣៧,៣% នៃចំនួនភ្ញៀវបរទេសសរុប ខណៈភ្ញៀវតាមផ្លូវគោកចំនួន ៦១,៣៥% និងភ្ញៀវតាមផ្លូវទឹក ១,៣៥%។
ភ្ញៀវបរទេសមកកម្ពុជាតាមផ្លូវអាកាស ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានចំនួនសរុប ៤៨១,៥៨២នាក់ កើនឡើង ៤៥៣,៧% ពីចំនួន ៨៦,៩៧៦នាក់ កាលពីត្រីមាសទី១ ឆ្នាំ២០២២។ ក្នុងចំនួនខាងលើ គឺចូលតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ៣៣៩,២៩១ នាក់(ស្មើ ៧០,៤៥% ភ្ញៀវសរុបតាមផ្លូវអាកាស) កើនឡើង ៣៥៣,៥%, ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ១៣៨,០៤៦នាក់ (២៨,៦៦%) កើន ១ ២៣០,៤%, និងតាមព្រលានយន្តហោះកងកេង (ព្រះសីហនុ) ៤,២៤៥នាក់ (០,៨៨%) កើនឡើង ១៣៨,៥%។
ទោះបីក្ដីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ-១៩ លើពិភពលោកថមថយច្រើនធៀបនឹងអំឡុងឆ្នាំ២០២០-២០២២ ក៏ចំនួនភ្ញៀវទេសចរបរទេសដែលមកដើរកម្សាន្តនៅកម្ពុជានៅមិនទាន់មានច្រើនទេ មកដល់ពេលនេះ។ សូម្បីតែទេសចរជនជាតិចិនដែលមុនពេលមានវត្តមានជំងឺកូវីដ-១៩ បានធ្វើដំណើរមកកម្ពុជាចំនួនច្រើន ក៏ពេលនេះនៅតែស្ថិតក្នុងកម្រិតទាបដដែល។ បើតាមការលើកឡើរបស់ លោក ធៀម ធឿ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
បច្ចុប្បន្នមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបមានការងារធ្វើច្រើនជាងមុន (អំឡុងឆ្នាំ ២០២០-២០២២) ប៉ុន្តែបើធៀបនឹងមុនកូវីដ គឺខុសគ្នាឆ្ងាយណាស់។ បើតាមការបន្តរបស់ លោក ធៀម ធឿ បានបន្តទៀតថា មិនដឹងថា ពេលណាទើបមានភ្ញៀវឡើងវិញទេ។ សម្រាប់មគ្គុទេសក៍ទេសចរណ៍ ដែលបានទៅចាប់យកមុខរបរផ្សេងៗកាលពី ២-៣ ឆ្នាំមុន ក៏មានមួយចំនួនបានត្រៀមខ្លួន និងចូលមកបម្រើក្នុងវិស័យទេសចរណ៍វិញហើយ។
សូមរម្លឹកថា កាលពីឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ២,២៨លាននាក់ កើន ១ ០៥៩% ធៀបនឹងឆ្នាំ ២០២១ ក្នុងនោះ គឺភ្ញៀវតាមផ្លូវអាកាសមានចំនួន ៧៩១,៦០៣នាក់ ស្មើនឹង ៣៤,៨% នៃចំនួនភ្ញៀវទេសចរបរទេសសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)