ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងចំនួន៣ តាមការស្នើសុំរបស់ក្រុមហ៊ុន វិនិយោគកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិយោគ ១៥.៧លាដុល្លារ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ។
ក្រុមហ៊ុនទាំង៣ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគលើវិស័យកាត់ដេរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖
១-ក្រុមហ៊ុន BOLITO GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣៣៦កន្លែង។
២-ក្រុមហ៊ុន XIN LI AN SHOES CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
៣- ក្រុមហ៊ុន NEW HM KNITTING CLOTHING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារក និងអាចបង្កើតការងារបានចំនួន ១,៤៣១កន្លែង។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។
ការវិនិយោគផ្ទាល់ពីប្រទេសចិនមានទំហំធំជាងគេ និងតែងតែឈរនៅលំដាប់ទី១ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាស្ទើរគ្រប់ឆ្នាំ។ បើតាមការលើកឡើងរបស់ លោក ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit»។
តួលេខនេះបង្ហាញច្បាស់ថា ការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ លោក ជា វុទ្ធី បានបន្ថែមថា លំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំងរបស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជាដែលមានលក្ខណៈកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។
សូមរម្លឹកថា កាលពីឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ១៨៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគផ្ទាល់មកពីប្រទេសចិនមានប្រមាណ ៩០,៥% នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Meoun Dyna)