កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ នៅឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ក្នុងនោះ ១ខ្សែនៅភូមិស្វាយពងអង្ក្រង ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមួយខ្សែទៀតនៅភូមិកណ្តាលកោះ មានប្រវែង ២៣៥ម៉ែត្រ ទទឹង៥ម៉ែត្រ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
ផ្លូវបេតុងទាំង ២ខ្សែនេះគឺជា សមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់សង្កាត់កោះអន្លង់ចិន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទាំង៤ គឺ " មនុស្ស ផ្លូវ ទឹក ភ្លើង” ជាអាទិភាព។ នេះជាការថ្លែងរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ចំនួន២ខ្សែនេះ។
លោក បានបញ្ជាក់ថា នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជានៅពេលអនាគត សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋកាន់តែល្អប្រសើ ពោលគឺ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។
ជាក់ស្តែងផ្លូវដែលសម្ពោធនាថ្ងៃនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក៏ជាសមិទ្ធផលថ្មី១ទៀត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកកសិផលទៅកាន់ទីផ្សារ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និង សោភ័ណ្ឌភាព សំដៅចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ បើតាមការបន្ថែមរបស់ លោក គង់ សោភ័ណ្ឌ។
នាឱកាសនោះដែរ លោក អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)