Register Already an agent ? Login

គម្រោងវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើដីជាង ៧ពាន់ហិកតា ក្នុងខេត្តកោះកុង

កោះកុង៖ គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧ ១២៦,៩៣ហិកតា ស្ថិតនៅ៥ទីតាំង ក្នុងខេត្តកោះ ដែលក្រុមហ៊ុនបានស្នើ ត្រូវបានក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុងគាំទ្រ ក្រោយពីបានចំពិនិត្យទីតាំងដែលបានស្នើសុំទាំង៥ទីតាំងរួចមក។ បើតាមរដ្ឋបាលខេត្តកោះកុង។

លោក ស្រ៊ុន ដារិទ្ធិ និង លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យសិក្សាទីតាំងស្នើសូមវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧ ១២៦,៩៣ហិកតា ស្ថិតនៅ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងតាមរយៈកិច្ចប្រជុំ ក្រុមការងារទាំងអស់បានសម្រេច៖

១-គាំទ្រជាគោលការណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។

២-ត្រូវសិក្សាទីតាំងជាក់ស្តែងឡើងវិញ ដោយមានការសហការរវាងក្រុមហ៊ុនក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី

៣-ត្រូវផ្ញើរបាយការណ៍លទ្ធផល នៃការសិក្សាទីតាំង មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសូមជួលដីវិនិយោគ។

៤-ក្រសួងបរិស្ថាន ត្រូវផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដែលនៅសល់ដើម្បីស្នើសុំវិនិយោគ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)