សៀមរាប៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធកាត់ខ្សែបូរ ដាក់ឱ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្ត។
នៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ ១៥លានដុល្លា សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត ៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ។ បើតាមការថ្លែងរបស់ លោក ចម ប្រសិទ្ធ។
លោក បានថ្លែងបន្តថា ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាបទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប។
នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។ បើតាមការថ្លែងបន្តទៀតរបស់ លោក ចម ប្រសិទ្ធិ បន្ថែមថា ខណៈបច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ដែលគិតត្រឹមឆ្នាំ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប។
ដោយឡែក រោងចក្រប្រពឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសាងសង់ដោយប្រើប្រាស់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃ ២៨,៥លានដុល្លា ដែលមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៧.៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយមានប្រព័ន្ធបណ្តាញទឹកស្អាតប្រវែង ១៥២គីឡូម៉ែត្រ។
តាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនដល់ ១៩លាននាក់ និងឈានដល់ចំនួន ២២លាននាក់ នៅឆ្នាំ២០៥០, ពេលនោះ ប្ជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។
រាជរដ្ឋាភិបាលស្នើឱ្យមានការលើកទឹកចិត្តការចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតពីផ្នែកឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលជាការជួយបំពេញបន្ថែមដល់ផ្នែកសាធារណៈ ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់គ្រប់ទីប្រជុំជន រួមទាំងតំបន់ជនបទនានា បន្ថែមលើការចូលរួមការផ្ដល់ទឹកស្អាតពី ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)