ព្រះសីហនុ៖ គម្រោងវិនិយោគថ្មីចំនួន៣ មានទឹកប្រាក់ប្រមាណ ២៨.៦លានដុល្លារ វិនិយោគលើ កែច្នៃឈើដាំ កែច្នៃម្ហូបអាហារ ផ្សារទំនើប នៅខេត្តព្រះសីហនុ កំពុងរងចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំកិច្ចប្រជុំ «ច្រកចេញចូលតែមួយ» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតំលៃលក្ខណៈសម្បត្តិគម្រោងវិនិយោគទាំង៣។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
នៅក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានផ្តល់ការគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុ រួមមាន៖ ១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ, ២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ, ៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។
បើតាមកិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតំលៃលក្ខណៈសម្បត្តិគម្រោងវិនិយោគដែលបានចុះពិនិត្យជាក់ស្តែងដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។
នៅក្នុងកិច្ចប្រជុំ លោក សុខ ចិន្តាសោភា ឯកភាពតាមមតិលោកអភិបាលរង និងបានសំណូមពរឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែមទៅលើការសាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រងសំណល់រឹងជៀសវាងឱ្យខានតែបាននូវការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង។
គូសបញ្ជាក់ថា បើតាមកិច្ចប្រជុំខាងលើ លោក សុខ ចិន្តាសោភា បានឯកភាពតាមមតិតាមការឡើងរបស់ លោកអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់យ៉ាងណាក្ដី ប៉ុន្តែគម្រោងទាំង៣ រងចាំការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងនាពេលថ្មីៗនេះថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ ៣០កោះ ក្នុងនោះកោះជាង២០ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យក្រុមហ៊ុនឯកជនវិយោគ។
ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២ ប្រចាំប្រទេសជាមួយនឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)