កំពង់ស្ពឺ៖ ប្រតិភូតំណាងក្រុមហ៊ុនយូម៉ាកមកពីប្រទេសអាល្លឺម៉ង់ និងប្រទេសចិន គ្រោងបើករោងចក្រចំនួន ៦កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវប្រើប្រាស់ដើមទុនវិនិយោគជាង ៥០លានដុល្លារ និងផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី៦០០០ ទៅ១ម៉ឺនកន្លែង។ បើតាមទំព័រហ្វេសប៊ុកផ្លូវរបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានប្រាប់ឱ្យដឹងក្រោយពីជួបប្រតិភូនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ថាប្រតិភូតំណាងក្រុមហ៊ុនយូម៉ាកគ្រោងនឹងមកវិនិយោគ ដោយនាំយករោងចក្រផលិតកាបូប របស់របរប្រើប្រាស់គ្រឿងកែសម្ផស្សរបស់នារី ស៊ីលីកូន ក្រដាសវេចខ្ចប់ និងរបស់របរប្រើប្រាស់របស់សត្វសុនខផង មកបើកនៅក្នុងខេត្តនេះ។ ប្រតិភូក៏ទៅពិនិត្យមើលកន្លែងដែលពួកគាត់ត្រូវទៅធ្វើរោងចក្រក្នុងទឹកដីខេត្តកំពង់ស្ពឺនាពេលខ្លីខាងមុខនេះដែរ។
លោក អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅពេលដែលមានរោងចក្រមកធ្វើអាជីវកម្មក្នុងកំពង់ស្ពឺ ប្រជាជននៅក្នុងខេត្ត និងខេត្តផ្សេងទៀត នឹងមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏ជួយកាត់បន្ថយនូវជីវភាពដែលខ្វះខាតឱ្យមានភាពប្រសើរឡើងវិញ ពិសេសជារួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការចូលធ្វើការងារជាកម្មករ-កម្មការិនីក្នុងរោងចក្រទាំងនោះ។
លោក វ៉ី សំណាង បានបន្ថែមថា កាលពីដើមខែមេសាឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺក៏ទទួលបានគម្រោងបង្កើតរោងចក្រថ្មីៗជាបន្តបន្ទាប់ចំនួន ១០ក្រុមហ៊ុន ដែលនឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺ ហើយបានផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនីយ៉ាងហោចណាស់១ម៉ឺននាក់។ ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀតមានបំណងវិនិយោគលើការសាងសង់និងអចលនទ្រព្យផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)