ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានសាងសស់លើផ្ទៃដីទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុងនោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។
កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះ បឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លានដុល្លារ។
អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយ ប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣ បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារ សាងសង់ អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។
ចំណែកផ្ទៃដីទំហំជិត ១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។ មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដ សាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានទីតាំងខាងលើ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)