ភ្នំពេញ៖ ពីខែមករាដល់ខែមេសា ឆ្នាំ២០២៣ ការនាំចេញជំពូកទំនិញ (HS ២ខ្ទង់) ដែលមានលេខកូដ៦១ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ មានទឹកប្រាក់សរុប ១,៣៩៤.៨៣លានដុល្លារ ធ្លាក់ចុះ ២៨,៥% ធៀបនឹងឆ្នាំ២០២២ មានចំនួន ១,៩៥០.៤១លានដុល្លារ។ នេះបើតាមតារាងស្ថិតិនាំចេញទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រាក់ពីការនាំចេញផលិតផលលេខកូដ៦១ គឺស្មើនឹង ១៩,៣% នៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ ដែលមាន ៧,២៣៤.១២លានដុល្លារ។ បើតាមការបន្តនៅក្នុងតារាងខាងលើ បានបន្តទៀតថា សម្រាប់ខែមេសា ឆ្នាំ២០២៣ ការនាំចេញផលិតផលលេខកូដ៦១ គឺចំនួន ៣៤៧,៦៩លានដុល្លារ ធ្លាក់ចុះ ៣១,៨% ពី ៥១០,០២លានដុល្លារកាលពីខែមេសា ឆ្នាំ២០២២។
ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់ គឺដោយសារទីផ្សារចម្បងដែលតែងបញ្ជាទិញទំនិញទាំងអស់នេះពីកម្ពុជាជួបបញ្ហាបណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
ពាណិជ្ជកម្មអន្តរជាតិតែងផ្អែកលើតម្រូវការ និងការផ្គត់ផ្គង់ ដូច្នេះកម្ពុជាដែលជាប្រទេសផ្គត់ផ្គង់ បើមិនបានការបញ្ជាទិញ ទឹកប្រាក់នៃការនាំចេញប្រាកដជាធ្លាក់ចុះ។ ការធ្លាក់ចុះនេះ គឺដោយសារតែប្រជាជននៃប្រទេសទីផ្សារគោលដៅរបស់យើងកាត់បន្ថយការចំណាយ។ បើតាមការបញ្ជាក់បស់ លោក ហុង វណ្ណៈ បានបន្ថែមថា សម្ទុះបញ្ជាទិញនឹងហក់ឡើងវិញលុះត្រាស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៃប្រទេសគោលដៅចម្បងៗដូចជាអាមេរិក និងសហភាពអឺរ៉ុប ល្អឡើងវិញ។
សូមរម្លឹកថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលស្ថិតក្នុងលេខកូដ៦១ ចំនួនសរុប ៦,៣៦៧.០២លានដុល្លារ កើន ៩,៤១% បើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួន ៥,៨១៩.៤៣លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)