ភ្នំពេញ៖ ចាប់ពីខែមករា-មេសា ឆ្នាំ២០២៣ ការនាំចេញ និងនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ២៣៩,១៦លានដុល្លារ ធ្លាក់ចុះ ១៩,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមាន ២៩៧,៩៦លានដុល្លារ។ នេះបើតាមទិន្នន័យពាណិជ្ជកម្មអន្តរជាតិកម្ពុជា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទំនិញកម្ពុជានាំទៅទីផ្សារកូរ៉េ មានទឹកប្រាក់ ៩០,៦លានដុល្លារ កើនឡើង ១៩,៣% និងទំនិញនាំចូលពីប្រទេសកូរ៉េ ១៤៨,៥៦លានដុល្លារ ធ្លាក់ចុះ ៣៣,១%។ នើតាមការបន្តនៅក្នុងទិន្នន័យពាណិជ្ជកម្មអន្តរជាតិកម្ពុជារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ៤ខែ ឆ្នាំ២០២៣កន្លងមកនេះ មានឱនភាព ៥៧,៩៧លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទឹកប្រាក់សរុប ៥៧,៥៥លានដុល្លារ ថយចុះ ៩,៣៦ % បើធៀបនឹងខែមេសា ឆ្នាំ២០២២ ដែលកម្ពុជានាំចេញ ១៨,០៦លានដុល្លារ កើនឡើង ២៣,៨% និងនាំចូល ៣៩,៤៩ លានដុល្លារ ធ្លាក់ចុះ ១៩,៣%។ បើតាមទិន្នន័យដដែល បានឱ្យដឹងថា កូរ៉េជាដៃគូពាណិជ្ជកម្មធំជាងគេទី១១ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក និងវៀតណាម។
គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបចូលជាធរមានកាលពីដើមខែធ្នូ ឆ្នាំ២០២២ នឹងជួយបង្កើនទំហំពាណិជ្ជកម្មការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពប្រសើរ។ តាមរយៈកិច្ចព្រមព្រៀងស្ដីអំពីការលុបបំបាត់ការយកពន្ធត្រួតគ្នារវាងកម្ពុជា-កូរ៉េ ក៏នឹងក្លាយជាឧបករណ៍ជួយបង្កបរិយាកាសនៃការវិនិយោគពីប្រទេសកូរ៉េ ឱ្យកាន់តែល្អប្រសើរ និងទាក់ទាញវិនិយោគិនឱ្យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្របង្គុំរថយន្តម៉ាកល្បីៗនៅប្រទេសកម្ពុជា។
គួររម្លឹកថា ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២លានដុល្លារ កើនឡើង ០,៦% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅប្រទេសកូរ៉េ ២៣៣,៦៣៨លានដុល្លារ កើនឡើង ២០,៤% និងកូរ៉េនាំចូលមកវិញ ៥៤៥,២៩លានដុល្លារ ធ្លាក់ចុះ ៦%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)