ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានអនុម័តលើ «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់» គ្រោងចំណាថវិកាប្រមាណ ១៧០០លានដុល្លារ ដោយឆ្លងកាត់ខេត្តចំនួន៤ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប និងប្រើ ពេលសាងសង់ប្រមាណ ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីរបាយការណ៍ «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមុនអនុម័តឱ្យដំណើរ បានបញ្ជាក់ថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
លោក បានបន្តថា គម្រោងនេះត្រូវបានបែងចែកជា ២ដំណាក់កាល ដោយប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ខែ។
ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិបតេយ្យភាពការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និងថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។ បើតាមការបន្តរបស់ លោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តថា តាមរយៈការសិក្សារបស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បានជីកតាំងពីអាណាចក្រហ្វូណនមកម្លេះ ហើយផ្លូវទឹកនេះ គឺនឹងត្រូវកសាងលើតម្រាយខ្សែរផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់។
បើតាមរបាយការណ៍ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញដល់អង្គប្រជុំបានជ្រាបរួមមាន៖
១-លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មានប្រជាជនរស់នៅអមសងខាងផ្លូវទឹកនេះ សរុបប្រមាណ ១,៦លាននាក់។
២-ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និងសន្ទះផ្លូវនាវាចរណ៍ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធីសាស្ត្រចំនួនពីរប្រភេទដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និងការរៀបចំច្រាំងទន្លេបាសាក់ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៊ីង ដោយប្រើប្រាស់ Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។ គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន ១១កន្លែង។
៣-លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រនិងរំហូរទឹក កករទឹក និងការជ្រៀតចូលនៃទឹកប្រៃ គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យមតិចជាង ២% ប៉ុណ្ណោះពីទន្លេនិងព្រែកធម្មជាតិក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។ ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើងលើសពី ០,៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹកត្រូវបានបើកចំហ ៩០% ក្នុង១ថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀតចូលទឹកប្រៃពីសមុទ្រ ក្នុងកម្រិតអតិបរមាប្រមាណត្រឹមតែ ១,២៣% ប៉ុណ្ណោះ ដែលបរិមាណនេះជាចំនួនតិចតួច នឹងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍ ១០០% ក្នុង១ថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាលឱ្យបាត់បង់ ឬប្រែប្រួលរំហូរទឹកនោះទេ។
៤-លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ក្នុងអំឡុងពេលអនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែយើងអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់តាមស្ដង់ដារជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាព។
៥-លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀងនមេគង្គឆ្នាំ១៩៩៥ គម្រោងនេះ មានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ(ក្នុងអាងទន្លេមេគង្គ) ទៅអាងទន្លេដទៃផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។
យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពី ការប្រើប្រាស់ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះអាចអនុវត្តបាន ដោយភាគីកម្ពុជាគ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុនទៅគណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍នៃការសិក្សាលម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការយល់ព្រមណាមួយពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។
៦-លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ លទ្ធផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់ សុទ្ធសឹងតែជាតំបន់វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋារចនាសម្ព័ន្ធជាតិធំៗនោះទេ។ តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ដែលបានជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែលងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។
៧-លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។
គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារ សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារ សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦%។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតរួមមានដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)