ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានទឹកប្រាក់សរុប ៣ ៨៩៤,០១លានដុល្លារ បានធ្លាក់ចុះ ០,៩% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៣ ៩៣០,៧១លានដុល្លារ។ យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការនាំទំនិញពីកម្ពុជា ទៅប្រទេសចិនមានទឹកប្រាក់ ៤៣៩,៥៤លានដុល្លារ កើនឡើង ៣,៧% ពីចំនួន ៤២៣,៧២លានដុល្លារ និងទំនិញចិននាំមកកម្ពុជា ៣ ៤៥៤,៤៧លានដុល្លារ ធ្លាក់ចុះ ១,៥% ពីចំនួន ៣ ៥០៦,៩៩លានដុល្លារ។ តាមរយៈចំនួនទឹកប្រាក់នេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសចិន គឺមានឱនភាព ៣ ០១៤,៩២លានដុល្លារ។
សម្រាប់ខែមេសា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ១ ០៣១,៥៩លានដុល្លារ ធ្លាក់ចុះ ២,៤% ធៀបខែមេសា ឆ្នាំ២០២២ ដែលមានចំនួន ១ ០៥៧,២៨លានដុល្លារ។ ទឹកប្រាក់កម្ពុជានាំទៅប្រទេសចិន គឺ ១០១,៩លានដុល្លារ កើនឡើង ៨,៨% និងទំនិញនាំមកពីប្រទេសចិន ៩២០,៧លានដុល្លារ ធ្លាក់ចុះ ៣,៦%។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់សរុប ១១ ៦៨៦,១៦៤លានដុល្លារ កើនឡើង ៤,៤% ធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣លានដុល្លារ ថយចុះ ១៧,៩% និងទំនិញកម្ពុជានាំចូលពីចិន មានចំនួន ១០ ៤៤៥,៥៣៣លានដុល្លារ កើន ៧,៩%។
មូលហេតុដែលទឹកប្រាក់នៃការនាំទំនិញពីចិន មកកម្ពុជាមានចំនួនច្រើនលើសលប់ពីការនាំចេញរបស់កម្ពុជា គឺដោយសារតែប្រទេសចិន គឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់សម្រាប់ដំណើរការរោងចក្រផលិតកម្មនៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលស្រង់សំដីដោយភ្នំពេញប៉ុស្តិ៍។
លោក លឹម ហេង បន្តថា ក្រៅពីវត្ថុធាតុដើមសម្រាប់រោងចក្រកែច្នៃ កម្ពុជាក៏បាននាំចូលផលិតផលចិនមកបំពេញតម្រូវការប្រើប្រាស់នៅក្នុងស្រុកផងដែរ ដូចជា គ្រឿងសំណង់ សម្ភារការិយាល័យ គ្រឿងអគ្គិសនី-អេឡិចត្រូនិក និងផលិតផលប្រើប្រាស់បប្រចាំថ្ងៃជាច្រើនទៀត។
លោក បន្តទៀតថា ចំនួនទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនត្រូវបានរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះប្រទេសចិន ទើបអនុញ្ញាតឱ្យកម្ពុជានាំម្រេចជាផ្លូវការទៅទីផ្សាររបស់ខ្លួន បន្ថែមលើកសិផលដែលបានអនុញ្ញាតកន្លងមកដូចជា ចេកស្រស់ ស្វាយស្រស់ និងផ្លែមៀន ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)