Register Already an agent ? Login

គម្រោងសាងសង់ផ្លូវល្បឿនឿនភ្នំពេញ-បាវិត មានតម្លៃ១៤០០លានដុលុល្លារ ត្រូវបានចុះកិច្ចសន្យាសាងសង់ដើមខែក្រោយ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៣៥គីឡូម៉ែត្រ ក្នុងតម្លៃ ១៤០០លានដុល្លារ ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពាន ចិន(CRBC)​ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង ១៣៥,១០គីឡូម៉ែត្រ សាងសង់ជា ៤គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយប្រើទុនវិនិយោគប្រមាណ ១៤០០លានដុល្លារ រយៈពេល ៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រតិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូន រាជរដ្ឋាភិបាល។

កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗរួមមាន៖ ១-កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តន៍ការសាងសង់ និងដាក់ឱ្យ ប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង២-ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែល មានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍ នៅក្នុងកិច្ចសន្យា។

ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្តន៍ ក្រោមក្របខ័ណ្ឌ ច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍ មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា «ខ» និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនឹងត្រូវតភ្ជាប់ ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃរបស់ប្រទេសវៀតណាម ដែល រំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។

គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះ MoU ក្នុងពេលឆាប់ៗនេះផងដែរ។

ដោយឡែក ហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នាដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ ស្ពាននេះ ត្រូវអនុវត្តន៍ឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម «ខ» និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង PPP។

តាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ថា ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១២៥០ម៉ែត្រ និងផ្លូវអមសងសាងមានប្រវែង ៣៧០០ម៉ែត្រ សរុបថវិកា ២០០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)