ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ១ ៥៩០,៧៥លានដុល្លារ ស្មើនឹង ៤៤,៥៤% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍លេខ0៧ របស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន៦ ៤៤២,៥៤ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះមួយផ្នែកនៃចំណូលពន្ធបានមកពីកាប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលក្នុងការិយបរិច្ឆេទ២០២២។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមេសា និងសម្រាប់រយៈពេល៤ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៨៤,៥៩ប៊ីលានរៀល (ប្រមាណជា ២៤៣,១១លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លទ្ធផលនេះមានកម្រិតទាបជាងការគ្រោងទុករបស់អគ្គនាយកដ្ឋានពន្ធដារដោយត្រូវប្រមូលពន្ធអាករក្នុងរង្វង់ ៨% ក្នុងមួយខែ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការបញ្ជាក់នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍លេខ0៧។
បច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្ដានុពលចំណូលពន្ធតាមរយៈទិន្នន័យទទួលពី កម្មវិធីវិក្កយបត្រនាំសំណាង(GDT Lucky Draw) និងប្រព័ន្ធ E-Filing និង Tol E-Filing ដែលរឹងមាំនិងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check) ព្រមទាំងទំនើបកម្មការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈកម្មវិធីនានាតាមបណ្ដាញទំនាក់ទំនងសង្គម មជ្ឈមណ្ឌលពិគ្រោះយោបល់របស់អគ្គនាយកដ្ឋានពន្ធដារ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាដើម។
តាមផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធចំនួន ១៤ ៤៦៥,៣៩ប៊ីលានរៀល ឬប្រមាណ ៣ ៥៧១,៧០លានដុល្លារ កើនឡើង ២៦,៦៨% បើធៀបនឹងផែនការឆ្នាំ២០២២៕
ដោយ៖ មឿន ឌីណា (Moeun Dyna)