ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន រយៈពេល ៤ខែ ឆ្នាំ២០២៣ មានទឹកប្រាក់សរុប ៥៧៣,១លានដុល្លារ ធ្លាក់ចុះ ៩,៨% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ មានទឹកប្រាក់ ៦៣៥,៦១លានដុល្លារ។ បើតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ស្ថិតនៅលេខ៥ បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តទៀតថា សម្រាប់ខែមេសា ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ មានទឹកប្រាក់សរុប ១១៦,៤៦លានដុល្លារ ថយចុះ ២៥,០៧% ដោយការនាំចេញពីកម្ពុជាទៅជប៉ុន ៦៣,២លានដុល្លារ ធ្លាក់ចុះ ២៤,៥% និងទំនិញនាំចូលពីជប៉ុន ៥៣,២៥លានដុល្លារ ធ្លាក់ចុះ ២៥,៧%។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានតម្លៃសរុប ១ ៩៤៨,០១៩លានដុល្លារ កើនឡើង ១២,៣% ធៀបឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំទៅជប៉ុន ១ ១៧៣,០៣លានដុល្លារ កើន ៧,៣% និងនាំចូល ៧៧៤,៩៨៩លានដុល្លារ កើន ២១%។
បើតាម លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានភ្នំពេះប៉ុស្តិ៍ស្រង់សំដីថា មូលហេតុដែលនាំឱ្យចំនួនទឹកប្រាក់នាំចេញ-នាំចូលរវាងប្រទេសទាំងពីរធ្លាក់ចុះ គឺដោយសារភាពយឺតយ៉ាវ និងមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល។ លោក បានបញ្ជាក់ថា បញ្ហាទាំងនេះ គឺមិនត្រឹមតែធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយការចំណាយមិនចាំបាច់ប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនបញ្ជាទិញមួយចំនួនក៏នៅសល់ទំនិញក្នុងស្តុកច្រើនដែរ។
ភ្នំពេញប៉ុស្តិ៍ ក៏បានស្រង់សំដី លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា ប្រទេសជប៉ុនគឺជាទីផ្សារធំមួយរបស់កម្ពុជា បច្ចុប្បន្នមានផលិតផលកម្ពុជាជាច្រើនកំពុងបង្ហាញវត្តមាននៅទីនោះ។ ជប៉ុនជាប្រទេសរីកចម្រើនដែលផ្តោតលើបច្ចេកវិទ្យា និងឧស្សាហកម្ម ដូច្នេះវាជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសជប៉ុន។
ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលនេះគឺជានិន្នាការទីផ្សារសកលដែលកើតមាននៅគ្រប់ប្រទេស។ បើតាមការបន្តរបស់ លោក លឹម ហេង បានបន្តទៀតថា បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនមួយចំនួនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោក បន្ថែមថា ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន មានដូចជាសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជាមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រក្នុងវិស័យកសិកម្ម ជាដើម។ យ៉ាងណាក៏ដោយ ដោយសារជប៉ុនជាប្រទេសដែលមានស្តង់ដារស់នៅខ្ពស់ ដូច្នេះគ្រប់ផលិតផលដែលនាំទៅទីផ្សាររបស់គេគឺទាមទារឱ្យមានការត្រួតពិនិត្យទៅលើគុណភាព និងការវេចខ្ចប់ឱ្យបានល្អប្រសើរផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)