Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គ.ម សម្រេចបានជាង ២៥%

កោះកុង៖ គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៤ អូរជ្រៅ​-​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ក្រោម​ជំនួយ​របស់​កូរ៉េខាងត្បូង ៧៨លានដុល្លារ ដែលបានបើកការដ្ឋានកាលពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ២០២២ គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ វឌ្ឍនភាពសម្រេចបាន ២៥.៥៧%។ បើតាមការចុះត្រួតពិនិត្យរបស់អភិបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី មិថុនា ភូថង ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ ចំនួន៤ ចំណុច៖ -ចំណុចទី១ ចាប់ពីឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ត្រួតពិនិត្យផ្លូវដើសាធារណៈ, -ចំណុចទី២ គីឡូម៉ែត្រ៦០ ត្រួតពិនិត្យតំបន់ទំនប់ទឹកខ្ពស់, -ចំណុចទី៣ គីឡូម៉ែត្រ ១២០ ត្រួតពិនិត្យតំបន់ត្រូវកាយយកថ្មចេញ មកបំពេញទីតាំងដែលទាប និង-ចំណុចទី៤ គីឡូម៉ែត្រ១៤២ ត្រួតពិនិត្យតំបន់ដែលមាន ៤គន្លងសម្រាប់យាន្តយន្ត។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ដែលបានអមដំណើរ លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា តាមការធ្វើបទបង្ហាញរបស់ក្រុមវិស្វករគម្រោងបានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ពីស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង វឌ្ឍនភាពការងារសម្រេចបាន ២៥% តែប៉ុណ្ណោះ ពីព្រោះផ្លូវនេះមានការប្រឈមលំបាកមានចំណោតខ្ពស់ ទាប មានភាពបត់មែនច្រើនកន្លែងពីព្រោះការសាងសង់វិស្វករត្រូវការគុណភាពខ្ពស់ ដើម្បីធ្វើឱ្យផ្លូវមានសោមភ័ណ្ឌស្អាតងាយស្រួលធ្វើចរាចណ៍ វិស្វករត្រូវរៀបចំរចនាបទឱ្យបានស្អាត និងមានគុណភាពខ្ពស់។

លោកស្រី អ៊ី នារីនេត បានមាប្រសាសន៍បន្តថា តាមបទបង្ហាញដដែល ​កំណាត់ផ្លូវជាតិលេខ៤៨ ​មានស្ថានភាពបត់បែន ​និងឡើងចុះចំណាតច្រើន ដោយ​ទីតាំងខ្លះត្រូវប្រើពេលវេលាជីកកាយជ្រលងថ្មធំៗ ​ទីតាំងខ្លះតម្រូវឱ្យមានការវាងចំណាតកោងខ្លាំង និងជា​ពិសេសរដូវវស្សាពិបាកសាងសង់ ​ទើបធ្វើឱ្យដំណើរការហាក់យឺតយ៉ាវបន្តិច។

ក្រុមជំនាញវិស្វករ បាននិយាយប្រាប់បញ្ហាប្រឈម ២កន្លែងធំៗ គឺចំណោទផ្លូវបទអន្ទុងអាំងស្ថិយនៅស្រុកបូទុមសាគរ និងផ្លូវចំណោតតាតៃស្ថិតស្រុកកោះកុង ចំណុចទាំង២កន្លែងនេះ ដែលជាបញ្ហាប្រឈមធំជាងគេ តែទោះបីពិបាកយ៉ាងណាក្រុមហ៊ុន គម្រោងសាងសង់នៅតែខិតខំអនុវត្ដគម្រោងសាងសង់បន្ថែមហើយ ឱ្យមានគុណភាពខ្ពស់។ បើតាមការបន្តរបស់ អភិបាលរងខេត្តដដែល។

កន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន​ ធ្លាប់អះអាងថា ផ្លូវជាតិ​លេខ៤៨នេះ នឹងជួយជំរុញ ​សក្តានុពល​តំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជា​តំបន់ទេសចរណ៍គីរីសាគរ ​ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។

ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ​ របស់ប៉ូលសេដ្ឋកិច្ចទីពីរ ដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពតនិងខេត្តកោះកុង ដែលជាតំបន់ ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។ តាមរយៈ​ផ្លូវនេះ ដ៏​មាន​សក្ដានុពល ក៏​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេសជិតខាង ដោយ​រំពឹង​បាន​នូវ​ការ​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ការ​នាំ​ចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)