ភ្នំពេញ៖ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពីខែមករា-ខែមេសា ឆ្នាំ២០២៣ មានចំនួនសរុប ១៥ ១៦១,០៤លានដុល្លារ ធ្លាក់ចុះ ១៤,១% ធៀបនឹងឆ្នាំ២០២២។ បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងចំណោមនោះ គឺការនាំចេញរបស់កម្ពុជាមានចំនួន ៧ ២៣៤,១២លានដុល្លារ ធ្លាក់ចុះ ៤,៩% និងការនាំចូលពីក្រៅប្រទេស មានចំនួន ៧ ៩២៦,៩២លានដុល្លារ ធ្លាក់ចុះ ២១,១%។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងខែមេសា ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ៣ ៩០៨,៩លានដុល្លារ ធ្លាក់ចុះ ១២,៨៨% ធៀបខែមេសា ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ១ ៨៤២,១១លានដុល្លារ ធ្លាក់ចុះ ២,៥% និងទំនិញនាំចូលមកវិញ ២ ០៦៦,៧៩លានដុល្លារ ធ្លាក់ចុះ ២០,៤%។
វិបត្តិនៃជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបនឹងបញ្ហាជាច្រើនដូចជា ការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ កង្វះវត្ថុធាតុដើម និងការកើនឡើងអតិផរណា ជាដើម។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ក្នុងដំណាក់កាលនេះ ប្រជាជននិងរដ្ឋាភិបាលប្រទេសនីមួយៗបានកាត់បន្ថយការចំណាយ។
និន្នាការនេះនឹងអូសបន្លាយពេលបន្ថែមទៀតប្រសិនបើអន្តរជាតិមិនអាចបិទបញ្ចប់ជម្លោះនានាឱ្យបានឆាប់។ បើតាមការបញ្ជាក់របស់ លោក លឹម ហេង បានបន្តទៀតថា សម្រាប់ប្រទេសកម្ពុជាការធ្វើពាណិជ្ជកម្មអន្តរជាតិចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ គឺមិនសូវបង្ហាញសញ្ញាវិជ្ជមានឡើយ។
បើតាមភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានារយៈពេលប៉ុន្មានខែមកនេះ គឺដោយសារតែតម្រូវការទីផ្សារអន្តរជាតិធ្លាក់ចុះ ពិសេសការបញ្ជាទិញពីទីផ្សារធំៗដូចជា អាមេរិក កាណាដា និងអឺរ៉ុប។
ការធ្លាក់ចុះសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ គឺកើតឡើងនៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ពិសេសបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ បើតាមការបញ្ជាក់របស់ លោក ហុង វណ្ណៈ បានបន្ថែមថា គួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលដែលពាណិជ្ជកម្មអន្តរជាតិកម្ពុជាធ្លាក់ចុះនោះ គឺការខិតកាន់តែកៀកគ្នានៃចំនួនទឹកប្រាក់នាំចេញ និងនាំចូលទំនិញរវាងកម្ពុជានិងទីផ្សារអន្តរជាតិ ខណៈកន្លងមកទឹកប្រាក់នាំចេញរបស់កម្ពុជា គឺមានចំនួនតិចតួចបើធៀបនឹងការនាំចូលដ៏ច្រើនក្នុង ១ខែៗ។
រម្លឹកថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៥២ ៤២៤,៥៣៩លានដុល្លារ កើន ៩,២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះកម្ពុជានាំចេញទំនិញ ២២ ៤៨២,៩៣៧លានដុល្លារ កើន ១៦,៤% និងទំនិញដែលកម្ពុជានាំចូលមានចំនួន ២៩ ៩៤១,៦០២លានដុល្លារ កើន ៤,៣%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)