Register Already an agent ? Login

កំណាត់ផ្លូវខេត្ដព្រៃវែងលេខ៣១២ ប្រវែងជាង ២៨គ.ម ក្នុងស្រុកព្រះស្ដេច គ្រោងបើកការដ្ឋានក្នុងពេលឆាប់ៗ

ភ្នំពេញ៖ កំណាត់ផ្លូវខេត្ដព្រៃវែងលេខ៣១២ ប្រវែងសរុប ២៨,៣៧គីឡូម៉ែត្រ ក្នុងស្រុកព្រះស្ដេច ត្រៀមរៀបចំពិធីបើកការដ្ឋាននាពេលឆាប់ៗ។ បើតាមការកិច្ចប្រជុំត្រៀបបើកការដ្ឋានផ្លូវលេខ៣១២នេះ ដែលដឹកនាំ លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនេះ លោក ផែង សុវិជ្ជានោ បានណែនាំឱ្យសមាជិក សមាជិកាគណៈកម្មការ សហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

បើតាមកិច្ចប្រជុំនេះ បានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួម។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមការបែងចែក ដូចមានចែងនៅក្នុងលិខិតបង្គាប់ការ ។

គូសបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុល ថែទាំកំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-ករគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធឡើងនៅសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣៕

ដោយ៖ មឿន ឌីណា (Moeun Dyna)