Register Already an agent ? Login

ធនាគារពិភពលោក អនុម័តគម្រោងគាំទ្រកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា ទឹកប្រាក់ ៦០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័តគម្រោងមួយមានទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB បានបន្តថា គម្រោងនេះ ក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀត ជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។

គម្រោងនេះ នឹងត្រូវអនុវត្តរួមគ្នាដោយ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមការបញ្ជាក់ពី WB បានស្រង់ប្រសាសន៍ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់ ប្លាស្ទិក ឱ្យកាន់តែល្អប្រសើរឡើង ជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០។

សម្ដេច ស ខេង បានបញ្ជាក់ថា «ដូចនេះ ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈ បរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល»។

ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ។ បើតាមការលើកឡើរបស់ លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា។

លោក ស្រី បានបន្តថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។

លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាម ឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អ ឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន។ បើតាមការលើកឡើងបន្ថែមរបស់ លោកស្រី ម៉ារីយ៉ាម សាលីម។

WB បានលើកឡើងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។

គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាម ឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំ ឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)