ភ្នំពេញ៖ ប្រទេសអាស៊ាន៤ប្រទេស រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម នឹងត្រូវបង់ពន្ធនៅពេលនាំចេញបន្ទះសូឡា ទៅសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៣ ខែឧសភានេះ ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីសម្រេចជារួមរបស់សភាដោយប្រើច្បាប់ត្រួតពិនិត្យសភា (CRA) ដើម្បីបញ្ចៀសនឹងការមិនយកពន្ធលើផលិតផលសូឡារបស់លោកប្រធានាធិបតី ចូ បៃដិន ដោយចោទលើការប្រឆាំងនឹងការលក់បង្ខូចតម្លៃ និងការគេចពន្ធលើផលិតផលសូឡាមកពីប្រទេសទាំង៤ (CMTV) បន្ទាប់ពីការនាំចូលទាំងនេះត្រូវបានរកឃើញពីការគេចពន្ធលើការនាំចូលដូចគ្នាពីប្រទេសចិន។
យោងតាម American Action Forum (AAF) ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា សភា និងរដ្ឋបាលអាមេរិកបានយល់ព្រមលើភាពចាំបាច់នៃការអនុវត្តច្បាប់ពាណិជ្ជកម្ម ប៉ុន្តែមិនយល់ស្របលើពន្ធនាំចូលពិសេសទាំងនោះទេ។ សមាជិកសភាជាច្រើនបានចាត់ទុកថា ការយកពន្ធនាំចូលផលិតផលសូឡាពីបណ្តាប្រទេស CMTV គឺមានសារៈសំខាន់ក្នុងការពង្រឹងច្បាប់ពាណិជ្ជកម្ម និងដោះស្រាយការរំលោភលើការធ្វើពាណិជ្ជកម្មរបស់ចិន។
សមាជិកផ្សេងទៀតចាត់ទុកការអនុវត្តពន្ធនាំចូលទាំងនេះជាឧបករណ៍បន្ថែមដើម្បីកំណត់គោលដៅឧស្សាហកម្មសូឡារបស់ចិន ដែលត្រូវបានគេរកឃើញថាប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ រដ្ឋបាលអាមេរិកបានចាត់ទុកការនាំចូលផលិតផលសូឡាជាកត្តាចាំបាច់ដើម្បីជំរុញគោលបំណងនៃអាកាសធាតុរបស់ខ្លួន។
ការយល់ដឹងនេះបង្ហាញពីគោលនយោបាយសម្រាប់ សភា និងរដ្ឋបាលដើម្បីធានាការអនុវត្តច្បាប់ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពក្នុងករណីផលិតផលសូឡាក៏ដូចជាបង្កើតបរិយាកាសសម្រាប់ទាំងប្រភពថាមពលធម្មតា និងកកើតឡើងវិញ ដើម្បីប្រកួតប្រជែង និងរីកចម្រើននៅអាមេរិក។
ការសម្រេចនេះ គឺប្រឆាំងនឹងគោលបំណងដែលធ្វើឡើងដោយ លោក បៃដិន កាលពីខែមិថុនា ឆ្នាំ២០២២ លោកប្រធានាធិបតី បានចេញបទបញ្ជាប្រតិបត្តិមួយដើម្បីពន្យារពេលការអនុវត្តពន្ធប្រឆាំងការបង្ខូចតម្លៃ និងការគេចពន្ធលើការនាំចូលផលិតផលសូឡាពីបណ្តាប្រទេស CMTV រយៈពេល ២ឆ្នាំ ដើម្បីលើកកម្ពស់ការបង្កើនសមត្ថភាពផលិតថាមពលសូឡាក្នុងស្រុក រួមទាំងសមត្ថភាពរបស់អាមេរិកក្នុងការផលិតម៉ូឌុល និងធាតុចូលផ្សេងទៀតនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលសូឡា។
ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញច្បាប់ចុងក្រោយដែលរួមបញ្ចូលបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ២០២២ ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សកម្មភាពរបស់សភាអាមេរិកនឹងរារាំងលំហូរនៃការវិនិយោគទៅក្នុងឧស្សាហកម្មថាមពលសូឡានៅកម្ពុជា ខណៈវិស័យនេះបានទាក់ទាញការវិនិយោគជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការសម្រេចចិត្តរបស់សភា គឺសំដៅទៅលើប្រទេសចិន ខណៈប្រទេសអាស៊ានទាំង៤ របស់យើងគឺជាអ្នកផលិតផលិតផលថាមពលសូឡាដ៏សំខាន់។
សភាអាមេរិក គួរតែពិចារណាឡើងវិញពីសកម្មភាពរបស់ពួកគេ ដោយអនុញ្ញាតឱ្យយើងធ្វើការនាំចេញដោយលើកលែងពន្ធដូចអ្វីដែលពួកគេបានធ្វើ ដូច្នេះវាអនុញ្ញាតឱ្យយើងអាចរីកចម្រើនបន្ថែមទៀតនៃឧស្សាហកម្មសម្រាប់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមការលើកឡើងបន្តរបស់ លោក លឹម ហេង។
ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញបន្ទះសូឡាទៅក្រៅប្រទេស ៥៤ ៣១៩,៨៣តោន កើនជាង ២៧% បើធៀបនឹងឆ្នាំ២០២០ ដែលស្មើនឹងទឹកប្រាក់ ២៧៣,៨៧លានដុល្លារ។ ក្នុងនោះការនាំទៅអាមេរិក ៥៣ ១៨៨,១៩តោន កើនជាង ៣៣% ដោយគិតជាប្រាក់ ២៥៦,៨៨លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ដោយ៖ មឿន ឌីណា (Moeun Dyna)