ក្រចេះ៖ រោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) បានបើកការដ្ឋានសាងសង់លើផ្ទៃដី ៤០ហិកតា ទំហំទឹកប្រាក់វិនិយោគប្រមាណ ១៣៨លានដុល្លារ ស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ គ្រោងសាងសង់ឱ្យបាន រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានរោងចក្រនេះ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពី អគ្គនាយកតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ បី អ៊ី ស្នួល ប្រធានក្រុមប្រឹក្សាភិបាលនៃផលិតកម្មក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ប្រធានក្រុមហ៊ុនដូបលស្ដារ ប្រធានមន្ទីរ-អង្គភាព ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។
លោក វ៉ា ថន មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលបាននិងកំពុងរួមចំណែកជាមួយរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមបានកាន់តែល្អប្រសើរ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទងដៃគូរអភិវឌ្ឍមកធ្វើការវិនិយោគនៅក្នុងតំបន់ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនាំឱ្យតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្លៀតយកឱកាសនេះ លោក អភិបាលខេត្តក្រចេះ បានសុំណូមពរប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល បន្តកៀរគរដល់អ្នកវិនិយោគិនចិន និងអ្នកវិនិយោគប្រទេសផ្សេងៗទៀត ចូលមកធ្វើការវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្តក្រចេះ។
លោក អភិបាលខេត្តបានបន្តថា សូមស្វាគមន៍ និងសហការដោយក្ដីរីករាយចំពោះគម្រោងវិនិយោគ របស់អ្នកវិនិយោគិនទាំងឡាយនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចមកពីបណ្ដាប្រទេសនានា ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)