ព្រះសីហនុ៖ កម្ពុជា នឹងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់ តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី ទាំង៣ជំហានជាបន្តបន្ទាប់ ក្នុងកញ្ចប់ទឹកប្រាក់សរុបប្រមាណ ៩៧៣លានដុល្លារ គម្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីអន្តរជាតិខ្នាតធំក្រុងព្រះសីហនុ ដែលមាន ៣ជំហាននឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារ ក្នុងនោះឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារ និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារ។ នេះការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ដោយផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច(Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ(Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវ ដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ លោក បានបញ្ជាក់ថា «គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច(EIRR) ប្រមាណ ២៣,៣% និងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧% ផងដែរ»។
លោក បានថ្លែងឱ្យដឹងថា ការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន៖ ១.ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។
២.ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៦ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។
៣.ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។
៤.ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៩ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា នាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ លោក បានបន្តថា ជាក់ស្ដែងបរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារ) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១៕
ដោយ៖ មឿន ឌីណា (Moeun Dyna)