ភ្នំពេញ៖ ទោះបីមានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវិដ-១៩ក្តី ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា-វៀតណាម នៅតែបន្តកើនឡើងយ៉ាងខ្លាំង សម្រេចបានរហូតដល់ ១០,៥៧ប៊ីលានដុល្លារ ក្នុងឆ្នាំ០២០២២ កើនជិត ១១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ស្ថិតិវៀតណាម)។ បើតាមការឱ្យដឹងពី លោក ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ចំពោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគភាគីទាំងពីរ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងបណ្តាខេត្តជាប់ព្រំដែន ទទួលបានលទ្ធផលជាវិជ្ជមាន។ បើតាមការបន្តរបស់ លោក ប៊ុន ចន្ធី។
លោក ប៊ុន ចន្ធី បានបន្តទៀតថា កិច្ចប្រជុំខាងលើ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីររួមមាន៖ ការងាររក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែន, វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ការងារគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែន, វិស័យគមនាគមន៍និងដឹកជញ្ជូន, វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យ ទិញ-លក់អគ្គិសនី។
លោក បានបន្ថែមថា ជាមួយគ្នាក៏មាន វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យសុខាភិបាល, វិស័យអប់រំ ការងារ បណ្ដុះបណ្ដាល សង្គមកិច្ច វប្បធម៌ កីឡា និងទេសចរណ៍, វិស័យព័ត៌មាននិងទូរគមនាគមន៍, កិច្ចសហប្រតិបត្តិការរវាងរណសិរ្ស សមាគម អង្គការមហាជន, ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក, កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌ និងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព។
ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងការបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២” រួមចំណែកបង្កើនការយល់ដឹងពីបណ្តាស្រទាប់ប្រជាជននៃប្រទេសទាំងពីរ ពិសេស យុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូនជ្រំនូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។ បើតាមការបន្ថែមទៀតរបស់ លោក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក បានញ្ជាក់ថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនការបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ នៅពេលចូលជាធរមាន។
សេចក្ដីប្រកាសព័ត៌មានរួមនៃប្រទេសទាំងពីរ បានឱ្យដឹងថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងការម្ចាស់ការសហការកសាងក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈ ងាយស្រួលដល់កិច្ចសហប្រតិបត្តិការរបស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។
ភាគីទាំងពីរ បានឯកភាពបន្តជួយឧបត្ថម្ភដល់បណ្តាខេត្តជាប់ព្រំដែនឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានាដែលបានកើតមានឡើង។ នេះបើតាមសេចក្ដីប្រកាសដដែល។
សេចក្ដីប្រកាសព័ត៌មានរួម ក៏បានបញ្ជាក់អំពីការអបអរសាទរការរៀបចំដោយជោគជ័យពិធីប្រកាសដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិតិនណាម (ខេត្តតៃនិញ)-ម៉ឺនជ័យ(ខេត្តព្រៃវែង) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និងពិធីប្រកាសសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹកវិញ សឿង(អានយ៉ាង)-ក្អមសំណ(កណ្តាល) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ទន្ទឹមនេះ ភាគីទាំងពីរឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិតើនណាម(តៃនីញ)-ម៉ឹនជ័យ(ព្រៃវែង) ដើម្បី ឈានទៅរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែននេះ ក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)ឱ្យបានឆាប់។ ភាគីទាំងពីរឯកភាពពិភាក្សាលទ្ធភាពដាក់ឱ្យដំណេរ-ការច្រកទ្វារទ្វេភាគីជីមៀត(មណ្ឌលគីរី)-ដាក់រ៉េ(ដាក់ឡាក់)។
ភាគីទាំងពីរអបអរសាទរពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ទន្ទឹមនេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះពិធីផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម ខ្នាត១/២៥.០០០ រវាងគណៈ កម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ។
សូមបញ្ជក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយ លោក ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)