Register Already an agent ? Login

ចក្រភពអង់គ្លេស នឹងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី

ភ្នំពេញ៖ ទោះបីស្ថានភាពកម្ពុជា ចាកចេញពីប្រទេសក្រីក្រ (Least Developed Country) ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme) ហៅកាត់ DCTS។ បើតាមការបញ្ជាក់របស់ លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

លោក Dominic Williams បានលើកឡើងថា ចក្រភពអង់គ្លេសនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។

តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធឡើយ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន៖ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។ បើតាមការបញ្ជាក់បន្តរបស់ លោក Dominic Williams។

ការនាំចេញផលិតផលកាត់ដេរទៅកាន់ចក្រភពអង់គ្លេសមានស្ថានភាពល្អ ដែលផ្តល់ការងារដល់ស្រ្តីកម្ពុជាជាច្រើន ខណៈចក្រភពអង់គ្លេសនៅតែបន្តយកចិត្តទុកដាក់លើស្ត្រីនៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក អ៊ិត សំហេង បានបន្តថា គម្រោងរោងចក្រកាន់តែប្រសើរ ILO-BFC មានរយៈពេល២០ឆ្នាំមកហើយ ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដែលមានយន្តការត្រីភាគី ការគោរពលក្ខខណ្ឌការងារក្នុងការបង្ហាញពីតម្លាភាពដល់អង្គការអន្តរជាតិនានា។

លោក រដ្ឋមន្រ្តី បានលើកឡើងបន្តថា ចំពោះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្ពុជាខិតខំបណ្តុះបណ្តាលឱ្យទាន់តម្រូវការ បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីបណ្តុះបណ្តាលពិសេស ៤ខែ លើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន ១,៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។ លោក រំពឹងថា សម្រាប់ការបណ្តុះបណ្តាលនេះ ប្រសិនជាមានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែមក្នុងកម្មវិធីនេះ ចាត់ទុកថាជាការបណ្តុះបណ្តាលជំនាញទន់ (Soft Skills Training)។

នាឱកាសនោះ ឯកអគ្គរាជទូត បានបង្ហើបពីគម្រោងសម្រាប់អភិវឌ្ឍន៍កម្ពុជា ខាងការបណ្តុះបណ្តាលជំនាញអេឡិចត្រូនិកជាន់ខ្ពស់ ព្រោះនៅចក្រភពអង់គ្លេសគឺសម្បូរអ្នកជំនាញផ្នែកនេះ។ លោក បញ្ជាក់ថា ជាមួយគ្នានេះមានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។

ឯកអគ្គរាជទូត បានមានប្រសាសន៍ទៀតថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក បានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ កម្ពុជា និងចក្រភពអង់គ្លេសគ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខដើម្បីជម្រុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំងពីរ។

សូមបបញ្ជាក់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា និងចក្រភពអង់គ្លេស បានបន្តកើនឡើងជាប់ជាលំដាប់។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ កន្លងទៅទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ជាង ៩៧៧លានដុល្លារ ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១ ហើយទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេសមាន៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូមកកម្ពុជារួមមាន៖ រថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណីសត្វ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)