ព្រះសីហនុ៖ កម្ពុជា នឹងលែងខ្ចីដកដង្ហើមគេដកទៀតហើយនៅពេល កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុសាងសង់រួចរាល់ នឹងអនុញ្ញាតឱ្យនាវាដែលផ្ទុកកុងតឺន័រ ៤ពាន់អាចចូលចតបាន។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជុន បានថ្លែងឱ្យដឹងថា កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពឱ្យនាវាធំចូលចត និងដឹកជញ្ជូនទំនិញត្រង់ទៅដល់សហរដ្ឋអាមេរិក និងអឺរ៉ុប នឹងត្រូវបើកការដ្ឋានសាងសង់ជំហានទី១ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ពិធីបើកការដ្ឋាននេះ ក៏មានអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសំណេះសំណាលជាមួយនឹងមន្ដ្រីបុគ្គលិកកម្មករ កម្មការនី ដែលធ្វើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងសម្ពោធសមិទ្ធផលដែលបានធ្វើហើយ។
លោក បានថ្លែងបន្តទៀតថា ការបើកការដ្ឋានសាងសង់ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤ម៉ែត្រកន្លះ ជំហានទី២ ១៦ម៉ែត្រកន្លះ ជំហានទី៣ ១៧ម៉ែត្រកន្លះ។ លោក បានបញ្ជាក់ថា យើងអាចមាននាវាធំៗអាចចូលចតបាននៅកំពង់ផែយើងដឹកទំនិញផ្ទាល់ពីកម្ពុជា ទៅសហរដ្ឋអាមេរិក ដល់អឺរ៉ុប ដោយមិនបាច់ឆ្លងកាត់តាមប្រទេសផ្សេងទេ។ នៅពេលដែលកម្ពុជាសាងសង់បានកំពង់ផែនេះ នោះពុំចាំបាច់ដឹកជញ្ជូនទំនិញពីកាប៉ាល់តូចទៅដាក់កាប៉ាល់ធំនៅសិង្ហបុរី នៅវៀតណាម ឬហុងកុងទេ។ ដូច្នេះយើងចំណេញពេលវេលា តម្លៃលើកដាក់ ២ដងឯណោះ។
មន្រ្តីស្វយ័តកំពង់ផែព្រះសីហនុ អះអាងថា ក្រោយបញ្ចប់គម្រោងពង្រីក និងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង ៣៥% លើសសមត្ថភាពរបស់កំពង់ផែនាពេលបច្ចុប្បន្ន ខណៈសព្វថ្ងៃ កំពង់ផែនេះមានសមត្ថភាពអាចផ្ទុកទូកុងតឺន័របានតែក្រោម ៧០ម៉ឺនទូកុងតឺន័រក្នុង១ឆ្នាំ។
ទោះបីកន្លងមក មានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្ដែទំនិញនិងទូរកុងតឺន័រចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែមានសកម្មភាពនិងរក្សាបាននូវកំណើន វិជ្ជមាន។ បើតាមការលើកឡើងរបស់ លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្តថា ទោះយ៉ាងណាកំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងជួបប្រទះនូវបញ្ហាមួយចំនួន ពិសេសទាក់ទងនឹងសមត្ថភាពកំពង់ផែនៅមានកម្រិតដែលធ្វើឱ្យមានការកកស្ទះទូកុងតឺន័រ។
សូមបញ្ជាក់ថា គម្រោងសាងសង់ និងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គឺទទួលបានជំនួយបច្ចេកទេស និងប្រាក់កម្ចីពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ប្រមាណជាង ២០០លានដុល្លារ។
បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថាក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្ទុកកុងតឺន័របានតែ ១៥០០ប៉ុណ្ណោះ។
បើតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង ៥ជំហាន ជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៥ មានជម្រៅ ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់ ៦ម៉ឺនតោន អាចចូលចតបាន។ ជំហានទី២ មានជម្រៅ ១៦ម៉ែត្រ និងទី៣ មានជម្រៅ ១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)