Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជា ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នៅឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,២៨លាននាក់ ក្នុងនោះទេសចរ ១,៥លាននាក់ មកពី​ប្រទេស​នៅ​មហា​អនុតំបន់​ទន្លេ​មេគង្គ​ (GMS) ដោយរកចំណូលបានប្រមាណ ១.៤១៥ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរក្នុងស្រុកមានចំនួនជិត ១៤លាននាក់ ដែលរកចំណូលបានប្រមាណ ៦៥០លានដុល្លារ រួមចំណែកប្រមាណ ៣,៦% នៃ GDP សរុប។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ថោង ខុន ដែលបានអញ្ជើញជាអធិបតី បើកវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)» នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ បានថ្លែងបន្តថា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីធានាភាពស៊ាំសហគមន៍ ដែលជាគន្លឹះក្នុងការបើកប្រទេសឡើងវិញទាំងស្រុងនៅចុងឆ្នាំ២០២១ ដែលជាផ្នែកនៃកត្តាសំខាន់ក្នុងការទទួលបានកំណើនទេសចរណ៍ឡើងវិញជាមួយនឹងទំនុកចិត្ត និងភាពជឿជាក់។

សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ «គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព៖ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល៦៤ឆ្នាំ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។ បើតាមការថ្លែងបន្តទៀតរបស់ លោក ថោង ខុន។​

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានបង្ហាញក្តីរំពឹងដែរថា ភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ និងឯកជននឹងបង្កើតឱកាសពិសេសមួយដើម្បីជំរុញក្របខ័ណ្ឌប្រកបដោយការច្នៃប្រឌិត និងកិច្ចសហការសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ ឆ្ពោះទៅរកភាពធន់នៅក្នុងយុគសម័យក្រោយវិបត្តិជំងឺកូវីដ-១៩ និងនាំយកមកវិញនូវអ្វីដែលបានបាត់បង់ក្នុងវិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងចំណូលទេសចរណ៍។

បន្ថែមពីនេះ លោក ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់ បន្តអនុវត្តយ៉ាងសកម្មនូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា៖

* យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥, បង្កើនការចូលរួមសកម្មភាពភាពជាដៃគូសាធារណៈ និងឯកជន

* ជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ប្រទេសចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេសចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ

* ជំរុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញនូវវិស័យទែសចរណ៍របស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព

* បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។

លោក ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការពិភាក្សានៅក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នេះ នឹងទទួលបានការយល់ដឹងបន្ថែម ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ចាំបាច់ ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍទេសចរណ៍សម្រាប់តំបន់ GMS ទាំងមូលផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)