ភ្នំពេញ៖ នៅក្នុងឆមាសទី ចាប់ខែមករា-ខែមីនា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ខុនដូ៥ បានបញ្ចប់ការសាងសង់ និងបើកឱ្យអតិថិជនចូលស្នាក់នៅ មានបន្ទប់ស្នាក់នៅសរុប ៣,៩០០យូនីត។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បានបន្តថា គម្រោងទាំងនោះគឺ ពីរប្រភេទតម្លៃមធ្យម (Mid Range) និង ៣គម្រោងទៀត ជាប្រភេទតម្លៃសមរម្យ (Affordable)។ ខណៈ មានគម្រោងថ្មីចំនួនពីរបានប្រកាសបើកលក់។
គម្រោងទាំងពីរ ដែលប្រកាសចាប់ផ្តើមលក់មាន J Tower 3 និងគម្រោង Morgan Champs elysees (Phase 1) គម្រោងទាំងពីរនេះ មានបន្ទប់ស្នាក់នៅសរុបជាង ១,៣០០យូនីត។
សម្រាប់តម្លៃលក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គឺប្រហាក់ប្រហែលត្រីមាសទី៤ ឆ្នាំ២០២២ ដោយបន្ទប់ខុនដូប្រណីត (High-End) មានតម្លៃលក់ជាមធ្យម ២,៦០៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ តម្លៃនៅដដែលធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២, ខុនដូតម្លៃមធ្យម (Mid-Range) ២,០០១ដុល្លារ ថយចុះ ០,៤% និងប្រភេទតម្លៃសមរម្យ (Affordable) ១,៣៧១ដុល្លារធ្លាក់ចុះ ០,១%។ បើតាមការបញ្ជាក់របស់ CBRE Cambodia។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី កញ្ញា ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia ថា ការបញ្ចប់គម្រោងចំនួន៥ និងប្រកាសបើកលក់គម្រោងថ្មីចំនួន២ នាដើមឆ្នាំ២០២៣ មិនមែនមានន័យថា សកម្មភាពទិញ-លក់ និងតម្លៃខុនដូកើនឡើងទេ គឺវានៅត្រូវការពេលបន្ថែមទៀត។
សម្រាប់ឧបសគ្គដែលធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជាបន្តភាពស្ងប់ស្ងាត់នៅពេលនេះ គឺដោយសារកត្តាធំៗចំនួន៣ រួមមានគឺ៖ ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក, បរិមាណផ្គត់ផ្គង់ខុនដូនៅសល់ច្រើនជាងតម្រូវការ និងការដំឡើងអត្រាការរបស់ធនាគារចំពោះប្រាក់កម្ចីដែលធ្វើឱ្យអ្នកចង់ប្រើប្រាស់ឥណទាន ត្រូវការគិតពិចារណាច្រើនជាងមុន។ បើតាមការលើកឡើងរបស់ កញ្ញា ជិន ច័ន្ទដាលុច្ស។
គូសបញ្ជាក់ថា និន្នាការសេដ្ឋកិច្ចសង្គម ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងដែលទទួលការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួនសរុប ៤,២៧៥គម្រោង ធ្លាក់ចុះ ២៨គម្រោង បើធៀបនឹងឆ្នាំ២០២១ ដែមានទុនវិនិយោគសរុបចំនួន ២,៩៦៨លានដុល្លារ ធ្លាក់ចុះ ៤៦,៨%។
នៅក្នុងចំណោមគម្រោងទាំងអស់នោះ គឺគម្រោងលំនៅឋានមានចំនួន ៣,៧៦៨គម្រោង ស្មើនឹង ៨៨,១% នៃសំណើសុំសាងសង់សរុប កើនឡើងចំនួន ៤៨គម្រោង ធៀបនឹងឆ្នាំ២០២១ ក្រៅពីនោះរួមមាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគម្រោងផ្សេងៗទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)