ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចំនួន២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតសម្ភារៈវេចខ្ចប់ មានទុនសរុប ១០លានដុល្លារ ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យដំណើរតាមការស្នើសុំ។
ក្រុមហ៊ុនទាំងពីរដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកាត់ដេររួមមាន៖
១- ក្រុមហ៊ុន FITLY APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៨៩១កន្លែង។
២- ក្រុមហ៊ុន WH PACKAGING CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៧៦កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)