Register Already an agent ? Login

កម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចិនចំនួន១០ទីតាំង គ្រោងបើកចំនួន ៥បន្ថែម

ភ្នំពេញ៖ កម្ពុជា បានបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯក​ជន​កម្ពុជា​​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​ ១០ទីតាំង និង​គ្រោង​បើក​ចំនួន ​៥​បន្ថែម​ ក្រោម​ការ​គាំ​ទ្រ​ និង​កិច្ច​សហ​ប្រតិ​បត្តិកា​រល្អ​រវាង​ប្រទេស​ទាំងពីរ​។ បើតាមការថ្លែងរបស់ លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងវេទិកាស្តីពី ការ​​​​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ កម្ពុជា​-ចិន​(ក្វាង​ស៊ី​) នៅថ្ងៃទី២២ ខែមេសា​​ ឆ្នាំ២០២៣ នារាជធានីភ្នំពេញ។

នៅក្នុងវេទិកានេះ លោក ឈួន ដារ៉ា ដែលជាអធិបតីភាព​ តំណាង លោក ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យ​​សហគ្រាស​-ក្រុមហ៊ុន​ចិនពី​ខេត្ត​ក្វាង​ស៊ី​ ដែលអញ្ជើញ​​មក​ទស្សកិច្ច​នៅ​កម្ពុជានា​ពេល​នេះ​​​​ សូម​ធ្វើការ​បណ្តាក់​ទុន​ និង​វិនិយោគនៅប្រទេស​​កម្ពុជា​ លើ​ការ​ផលិត​និង​កែច្នែ​ផលិត​ផល​កសិកម្ម​​ ដែល​កម្ពុជា​មាន​ទីផ្សារ​​នាំ​ចេញ​ទៅសហភាព​​អឺរ៉ុប​ បណ្តាប្រទេស​នៅ​ក្នុង​តំបន់​ និង​លើពិភព​លោក​​។

លោក ឈួន ដារ៉ា បានសម្តែងការ​ស្វាគមន៍​ចំពោះ លោក ឡាន ធានលី​ និង​​គណៈប្រតិភូតំបន់ស្វយ័តក្វាងស៊ីទាំង​អស់​​ ដែលបានអញ្ជើញ​បំពេញទស្សន​កិច្ច​​នៅ​ប្រទេស​កម្ពុជា​​។ លោក បាន​ជម្រាប​ជូនអំពី​ការ​ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​របស់​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ក្នុ​ងការ​ចូល​រួម​ពិព័រណ៍ចិន-​អាស៊ាន ​កន្លង​​មក​ ដើម្បី​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយរវាង​កម្ពុជា-ចិន។​

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជាបាន​ផ្តល់ការ​លើក​ទឹក​ចិត្ត​ដល់​​ធុរជន និង​វិនិយោគិន​បរទេស​ តាមរយៈការ​អនុ​គ្រោះ​ពន្ធ​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យកាន់តែមាន​ភាព​ងាយ​ស្រួល និង​កាន់​តែ​មាន​ទំនុក​ចិត្ត​ខ្ពស់​​។ ជាក់​ស្តែង កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ បាន​ចូល​ជា​ធរមាន​មុន​គេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​ បន្ទាប់មក​គឺកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ហើយថ្មីៗនេះបានបញ្ចប់​ជាផ្លូវ​ការ​នៃ​ការ​ចរចា​កិច្ច​ព្រម​ព្រៀម​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយរវាង​កម្ពុជា​​-​អេមីរ៉ាត​អារ៉ាប់​រួម ហើយគ្រោងនឹង​​ចុះ​ហត្ថលេខា​ នា​ពេលខាង​មុខ​នេះ​​។

នៅក្នុងវេទិការនោះដែរ លោក ឡាន​ ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ចំណង​មិត្ត​ភាព​កម្ពុជា​-ចិន​ បាន​ក្លាយ​ជាមិត្ត​ភាព​ត្បួង​ពេជ្រ​ នាឆ្នាំ​២០២៣នេះ​ គឺ​គម្រប​ខួប​ទី​៦០​ នៃ​កិច្ច​ទំនាក់​ទំនង​ការ​ទូត​ និងកិច្ច​​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​។

លោក បានគូសបញ្ជាក់ថា តាមរយៈកិច្ច​សហប្រតិបត្តិការ​កម្ពុជា​-ចិន​ ក្រោម​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់មួយ​ ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនាតែ​មួយ និង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ បាន​ជំរុញ​ឱ្យ​កិច្ច​ការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​កសិកម្ម​កាន់​តែ​ស៊ី​ជម្រៅ​ និង​កាន់​តែ​រឹង​មាំ​បន្ថែមទៀត។ ជាក់​ស្តែង​ តំបន់ស្វយ័ត​ក្វាង​ស៊ី​ បាន​ធ្វើ​កា​រទំនាក់​ទំនងយ៉ាង​ជិត​ស្និត​ជាមួយ​កម្ពុជា​ ដែលកម្ពុជា​បាន​​អញ្ជើញ​ចូល​រួម​ពិព័រណ៍ចិន-អាស៊ាន​នៅ​ទីក្រុង​ណានីង​ជា​រៀង​រាល់​ឆ្នាំ​។

សូមបញ្ជាក់ថា ក្នុង​វេទិកា​នេះដែរ​ ក៏​មាន​​ពិធី​ចុះ​ហត្ថលេខា​លើ​គម្រោងអជីវកម្មរវាង​ក្រុមហ៊ុន​កម្ពុជា​-ចិន ចំនួន​១១ ទាក់​ទង​នឹងកិច្ច​សហប្រតិបត្តិការ​លើការ​ជំរុញ​​​វិស័យដាំដុះ និងកែច្នៃផលិតផល​កសិកម្មផងដែរ

ទាក់ទៅនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន(ក្វាងស៊ី) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយ ឡាន ធានលី បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងខេត្តក្វាងស៊ី នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹកប្រាក់ចំនួន ១.៩៧០លានយន់ កើន ៨៨.២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ ខេត្តក្វាងស៊ី នាំចេញមកកម្ពុជា មានចំនួន ១.៨៦០លានយន់ កើនឡើង ៨៨.៥% រីឯ កម្ពុជានាំចេញទៅខេត្តក្វាងស៊ី មានចំនួន ១១០លានយន់ កើនឡើង ៨៥.៣%។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនមកពីខេត្តក្វាងស៊ី មកវិនិយោគនៅក្នុងប្រទេសកម្ពុជា (មិនមែនហិរញ្ញវត្ថុ) សរុបមានចំនួន ៥៦ក្រុមហ៊ុន។ ទំនិញសំខាន់ៗដែលខេត្តក្វាងស៊ី នាំចូលមកកម្ពុជាមាន៖ គ្រឿងបន្លាស់ម៉ាស៊ីនត្រង់ស្វូរ ម៉ាស៊ីន បិទស្រា ម៉ាស៊ីនរុំខ្សែ ជីកសិកម្ម ទុយោចរន្តអគ្គិសនី ឧបករណ៍បញ្ជូនអុបទិកជាដើម។ សម្រាប់កម្ពុជានាំចេញទៅខេត្តក្វាងស៊ីវិញរួមមាន៖ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី ផលិតផលកសិកម្ម ឧបករណ៍ទប់ចរន្តអគ្គីសនី ម៉ាស៊ីនត្រង់ស្វូរ ជាដើម។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)