Register Already an agent ? Login

កម្ពុជា សឹង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីកូ រ៉េខាងត្បូង និងហុងកុង កំពុងអនុវត្ត DTA

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធនៃប្រទេសនិងតំបន់រដ្ឋបាលពិសេសជាដៃគូចំនួន ៩ ដែលមានប្រសិទ្ធភាពនិងកំពុងអនុវត្តរួមមាន សឹង្ហបុរី ចិន ថៃ ព្រុយណេ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ីកូរ៉េខាងត្បូង និងតំបន់រដ្ឋបាលពិសេសហុងកុង។ បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ៣ នៃអគ្គនាយកដ្ឋានពន្ធដារ។

ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ៣ បន្តថា ដោយឡែក គិតត្រឹមខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្ន(DTA) ចំនួន២ រួមមានកិច្ចព្រមព្រៀង DTA កម្ពុជានិងតំបន់រដ្ឋបាលពិសេសម៉ាកាវ និងកិច្ចព្រមព្រៀង DTA កម្ពុជា-តួកគី បានបញ្ចប់នីតិវិធីផ្ទៃក្នុងដើម្បីដាក់ឱ្យកិច្ចព្រមព្រៀងទាំងពីរចូលជាធរមានដោយច្បាប់ស្តីពីការអនុម័តយល់ព្រមដោយត្រូវប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/០៨២២/០០៨ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ភាគីកម្ពុជា បានជូនដំណឹងទៅភាគីទាំងពីរអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យកិច្ចព្រមព្រៀងទាំងពីរនេះចូលជាធរមាន និងកំពុងរង់ចាំការជូនដំណឹងរបស់ភាគីទាំងពីរត្រឡប់មកវិញ។

សូមរម្លឹកថា កាលពីថ្ងៃទី៤- ៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងហិរញ្ញវត្ថុនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅទីក្រុងឌូបៃ គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយលោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោល-នយោបាយសារពើពន្ធនិងសហប្រតិបត្តិការពន្ធដារអន្តរជាតិបានចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាង ការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA)ជុំទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

គូសបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) គឺជាកិច្ចព្រមព្រៀងទ្វេភាគី ដែលបង្កើតឡើងដើម្បីលុបបំបាត់ ឬសម្រាលបន្ទុកនៃការយកពន្ធត្រួតគ្នា ដោយរដ្ឋបាលសារពើពន្ធនៃយុត្តាធិការ (ប្រទេស) ជាហត្ថលេខី។

ជាទូទៅ និវាសនជននៃយុត្តាធិការជាហត្ថលេខី (អ្នកជាប់ពន្ធ) ត្រូវបានធានាថា ផលចំណេញទទួលបានពីការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន គឺនឹងត្រូវជាប់ពន្ធតែមួយកន្លែងឬមួយដងដែលនេះគឺជាសមធម៌នៃការកំណត់ពន្ធ។

ក្នុងវិធានការណ៍អនុវត្តសម្រាប់លុបបំបាត់ឬសម្រាលបន្ទុកនៃការយកពន្ធត្រួតគ្នា អ្នកជាប់ពន្ធអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពី DTA ដែលក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ មានអត្ថប្រយោជន៏ធំៗចំនួនពីរដែលអ្នកជាប់ពន្ធអាចធ្វើការស្នើសុំមកអគ្គនាយកពន្ធដារ តាមប្រព័ន្ធ Online គឺ៖

១. ការទទួលបានការអនុញ្ញាតបន្ធូរបន្ថយពន្ធ ឬលើកលែងពន្ធកាត់ទុក និងបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពី

ប្រតិបត្តិការនៃយន្តហោះ, នាវាឬទូក ឬតាមផ្លូវដែកឬផ្លូវគោក ក្នុងចរាចរណ៍អន្តរជាតិ ក្រោម DTA

២. ការទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)