ភ្នំពេញ៖ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០ (Comprehensive Intermodal Transport Master Plan 2022-2030) ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារ នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ បើតាមការគូសបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការគូសបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ខាងលើ នៅក្នុងវេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣ (Transport and Logistics Forum 2023) ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។
លោក បានបន្តទៀតថា គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ ពោលគឺនៅថ្ងៃទី៧ ខែមិថុនា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។ តាមការបន្ថែមរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមទៀតថា បច្ចុប្បន្នមានគម្រោងផ្លូវថ្នល់ជាច្រើនបាននិងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)។ លោក បានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា។
លោក ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ និងទី២ ក៏ការដូចជាកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មរាជធានីភ្នំពេញ។
ទាក់ទងទៅនឹង CIT-MP លោក ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិភស្តុភារកម្ម ពិនិត្យពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូលលើសេចក្តីព្រាង “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ២០២២-២០៣០” (Comprehensive Intermodal Transport Master Plan 2022-2030) ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការមេនេះ មានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដែលអាចអនុវត្តបានពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើឱ្យប្រសើរឡើងសមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម សំដៅបង្កើនអត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
មានការចូលរួមពី ថ្នាក់នាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារប្រឹក្សាជាតិភស្ដុភារកម្ម តំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអង្គភាពជំនាញដែលពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូប។
បន្ទាប់ពីកិច្ចប្រជុំលើកទី៣ត្រូវបានបញ្ចប់ លោក ស៊ុន ចាន់ថុល ក៏បានដឹកនាំក្រុមការងារបន្តជួបប្រជុំជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗរួមមាន៖ JICA, World Bank, ADB, KOICA, ស្ថានទូតជប៉ុន និងស្ថានទូតចិន ដើម្បីពិគ្រោះយោបល់ ប្រមូលធាតុចូល និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងនានា ដែលមានចែងនៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយនេះ។
សូមជម្រាបថា សេចក្តីព្រាង CIT-MP ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០នេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឈរលើចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដោយផ្ដោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានការតភ្ជាប់ខ្ពស់ និងប្រទាក់ក្រឡាទាំងនៅក្នុងផ្ទៃប្រទេស និងនៅក្នុងតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្ដីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
គូសបញ្ជាក់ថា ផែនការមេគ្រប់ជ្រុងជ្រោយ គឺជាការសំយោគបញ្ចូលគ្នានូវផ្នែកសំខាន់ៗចំនួន៧ នៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្នុងនោះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវថ្នល់ ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរមធ្យោបាយ ឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ហើយងាយស្រួលក្នុងការអនុវត្ត ព្រមទាំងមានលក្ខណៈប្រាកដនិយមក្នុងប្រើប្រាស់ថវិកាសម្រាប់វិនិយោគផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)