ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាប្រមូលប្រាក់បាន ៨៩ ៥៥៦ ១០០ដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅទីផ្សារអន្តរជាតិ ក្នុងនោះការនាំជ័រកៅស៊ូចេញមានបរិមាណ ៦៥ ៩២១តោន កើនឡើង ៤ ១៨២តោន (ស្មើ ៦,៨%) បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ដែលមានទឹកប្រាក់ ៨៩ ០៧៥ ៨៣៩ដុល្លារ និងការនាំចេញឈើកៅស៊ូបាន ៤៨០ ២៦១ ដុល្លារ (២ ៣០៦ ម៉ែត្រគុប)។ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ។
ទីផ្សារកៅស៊ូកម្ពុជា ពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះបើទីផ្សារអន្តរជាតិមានស្ថានភាពមិនល្អ វាក៏ធ្វើឱ្យតម្រូវការនិងតម្លៃធ្លាក់ចុះដែរ។ បើតាមការលើកឡើងរបស់ លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានបន្តថា ជាក់ស្តែងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចពិភពលោកនាពេលនេះ គឺបានធ្វើឱ្យតម្រូវការប្រើប្រាស់ជ័រកៅស៊ូមិនមានច្រើនដូចនៅពេលមុនឡើយ។
លោក បានបន្តទៀតថា ការធ្លាក់ចុះតម្លៃកៅស៊ូ មួយរយៈនេះគឺដោយសារតែកត្តាមួយចំនួនដូចជា កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដែលកំពុងមាននិន្នាការធ្លាក់ចុះ (តម្រូវការតិចជាងមុន) ការដំឡើងអត្រាការប្រាក់របស់អាមេរិកក្នុងន័យរឹតបន្តឹងចរាចរណ៍ប្រាក់ដុល្លារ បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន ព្រមទាំងបញ្ហាមួយចំនួនទៀត។
លោក បានបន្ថែមថា ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ក្នុងស្រុក គឺភាគច្រើនផលជ័រកៅស៊ូដែលប្រមូលបានត្រូវឈ្មួញនាំយកទៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និងសហគមន៍អឺរុប ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពការដាំដុះ និងពង្រីកផ្ទៃដីថ្មីដាំកៅស៊ូនៅកម្ពុជា គឺមានតិចតួចបំផុត។
សូមរម្លឹកថា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១៥ ៣៣២ហិកតា ស្មើ ៧៨% និងផ្ទៃដីថែទាំចំនួន ៨៩ ២៤៦ហិកតា ស្មើនឹង ២២%។ ក្នុងឆ្នាំ២០២២ ទឹកប្រាក់បានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានសរុប ៥៣១ ៨៦៣ ៨៤២ដុល្លារ ក្នុងនោះជ័រកៅស៊ូចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងឈើកៅស៊ូ ៤ ០៨៩ ២៧៣ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)