ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ មានចំនួនសរុប ២,៨៦២.៤១៥លានដុល្លារ ធ្លាក់ចុះ ០,៤% បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ២,៨៧៣.៤៣១លានដុល្លារ។ បើយោងតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៣ ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិនមានទឹកប្រាក់សរុប ៣២៨.៦៤៦លានដុល្លារ កើន ២,១% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ៣២១.៧៨៧លានដុល្លារ។ ខណៈ ទំនិញដែលនាំមកពីប្រទេសចិនមានទឹកប្រាក់រហូតដល់ ២,៥៣៣.៧៧លានដុល្លារ ធ្លាក់ចុះ ០,៧% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ២,៥៥១.៦៤៤លានដុល្លារ។
ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតម្លៃសរុប ១,១៥៧.១១៩លានដុល្លារ (កម្ពុជានាំទៅចិន ១៣០.៥៨៣លានដុល្លារ កើន ១៦,៤% និងចិននាំមកកម្ពុជា ១,០២៦.៥៣៦លានដុល្លារ កើន ៣៦,៤%) កើនឡើង ៣៣,៧៧៦% ធៀបនឹងខែមីនា ឆ្នាំ២០២២ ដែលមានចំនួន ៨៦៤.៩៦២លានដុល្លារ ហើយបើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ គឺកើន ៥៧,៩៥៥% ប្រមាណ ៧៣២.៥៦១លានដុល្លារ។ បើតាមតារាងស្ថិតិដដែល។
បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថា ប្រទេសចិនគឺជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ឱ្យកម្ពុជាយកមកធ្វើជាគ្រឿងផ្សំ ឬកែច្នៃជាផលិតផលសម្រេចសម្រាប់នាំចេញទៅដាក់លក់លើទីផ្សារអន្តរជាតិ។ លោក បានបញ្ជាក់ថា មូលហេតុដែលទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចូលពីចិនធ្លាក់ចុះក្នុងត្រីមាសទី១ គឺដោយសារតែការបញ្ជាទិញពីទីផ្សារអន្តរជាតិធ្លាក់ចុះ។
ទោះយ៉ាងណាស្ថានភាពនេះបាននិងកំពុងវិវត្តទៅរកសញ្ញាវិជ្ជមានវិញហើយ ខណៈចាប់តាំងពីខែកុម្ភៈមករដ្ឋាភិបាលចិនបានប្រកាសបើកប្រទេស និងអនុញ្ញាតឱ្យអ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួន អាចចេញទៅក្រៅប្រទេសបាន។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ បានបន្ថែមថា ដោយសារប្រទេសចិននៅជិតកម្ពុជា ហើយកម្ពុជាកំពុងផលិតកសិផលបានកាន់តែច្រើនដូច្នេះចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាទៅចិន នឹងកើនឡើងបន្ថែមទៀត។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នារយៈពេលចុងក្រោយនេះ គឺចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានបណ្តើរៗហើយ បន្ទាប់ពីប្រទេសចិនបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញពីការបិទខ្ទប់។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ភាពល្អប្រសើរនៃកំណើនពាណិជ្ជកម្មនារយៈពេលចុងក្រោយនេះ ក៏ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនងការទូតល្អជាមួយគ្នា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលប្រទេសទាំងពីរ ជាសមាជិកគឺសុទ្ធតែចូលជាធរមានទាំងអស់។
លោក លឹម ហេង បានបញ្ជាក់ថា តាមរយៈភាពមមាញឹកជាងមុននៃសកម្មភាពផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នាពេលថ្មីៗនេះ ខ្ញុំជឿថា ចាប់ពីត្រីមាសទី ២ នេះទៅការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងជាលំដាប់។ បន្ថែមពីលើនេះវិវាទពាណិជ្ជកម្មរវាងប្រទេសធំៗ ក៏ជាឱកាសដែលកម្ពុជាអាចទទួលបានរោងចក្រ/សហគ្រាសកាន់តែច្រើនចូលមកបើកដំណើរការដោយផ្ទាល់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)