ភ្នំពេញ៖ គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងវិនិយោគអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះ។ ជាមួយគ្នា ព្រមទាំងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃផងដែរ។
នេះបើយោងតាមជំនួបរវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងជំនួបពិភាក្សានេះ លោក Supachai Verapuchong បានលើកឡើងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង៣០០ ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។
លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តថា ជាមួយគ្នានេះ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត។
នាឱកាសនេះ លោក ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។
លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។ ពើតាមការបន្ថែមរបស់ លោក ស៊ុន ចាន់ថុល។
ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ លោក ស៊ុន ចាន់ថុល បានលើកឡើងពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ។
លោក Supachai Verapuchong ក្នុងនាមជាអ្នកដឹកនាំគណៈប្រតិភូ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ចូន និងផែនការអភិវឌ្ឍនវិស័យភស្តុភារកម្មនៅកម្ពុជាដែលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)