ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ប្រវែងស្ពាន ១៧៦១ម៉ែត្រ ត្រើយខាងកើតស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃ ១១៤លានដុល្លារ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ មានរយៈពេល ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះដែលប្រកាសបើកការដ្ឋានសាងសង់នេះ គឺជាស្ពានទី១១ ហើយក្រោមការជួយគាំទ្រពីរដ្ឋាភិបាលចិន ដែលគិតមកដល់បច្ចុប្បន្នមានស្ពាននៅតាមដងទន្លេមេគង្គចំនួន៤ (ស្ពានមេគង្គស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ពានស្ទឹងត្រែង-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេមេគង្គ)។ បើតាមការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវតភ្ជាប់។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ជាមួយគ្នានេះ ស្ពានទន្លេសេកុងស្ទឹងត្រែងចំនួន១ ស្ពាននៅតាមដងទន្លេសាបចំនួន ២គឺ (ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម និងស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារទី២) ស្ពាននៅតាមទន្លេបាសាក់ចំនួន ៣ (ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ និងស្ពានមិត្តភាពកម្ពុជា-ចិន សិត្បូ) និងស្ពានអាកាសចំនួន១ គឺស្ពានមិត្តភាពកម្ពុជា-ចិន សែនសុខ)។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥០ម៉ែត្រ មាន ២គន្លងទៅមកប្រវែង ៣,៥០ម៉ែត្រ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ដោយឡែក ឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។
លោក បានថ្លែងបន្តថា គម្រោងស្ពាននេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗដូចជាត្រើយខាងលិចតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គឆ្ពោះទៅខេត្តស្ទឹងត្រែងនៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាមនៅផ្នែកខាងក្រោមទន្លេមេគង្គ។
ចំណែកនៅត្រើយខាងកើតវិញតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាមឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ បើតាមការបបន្ថែមរបស់ លោក ស៊ុន ចាន់ថុល។
លោក បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យតំបន់នោះមានសម្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិភាគឦសាន រួមទំាងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរ ដែលស្របតាមគោលនយោបាយ និងផែកការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)