Register Already an agent ? Login

របាយការណ៍សិក្សាផ្លូវនាវាចរណ៍និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រៀមបញ្ជូនទៅគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត

ភ្នំពេញ៖ របាយការណ៍ការសិក្សារយៈពេល២ឆ្នាំ នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់នឹងត្រូវបញ្ជូនទៅអង្គប្រជុំគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជាប្រធានគណៈកម្មការអន្តរក្រសួង ដែលបានដឹកនាំកិច្ចប្រជុំគម្រោងខាងលើ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមកាងារ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះឱ្យបានចេញជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងាររៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍សិក្សាគម្រោងនេះស្របតាមសំណូមពរ និងតាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀបចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះដើម្បីជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តីនៃកម្ពុជា។

តាមកិច្ចប្រជុំនេះបានឱ្យដឹងថា លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥។

អ្វីដែលជាទីកត់សម្គាល់ គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើគ្រប់ទិដ្ឋភាពនៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥ តាមរយៈការលើកជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យបានលឿន។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។

គូសបញ្ជាក់ថា គម្រោងនេះនឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន។ លើសពីនេះ ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)