Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ១ពាន់បណ្ណដល់ប្រជាពលរដ្ឋ នៅស្រុកស្អាង

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីចំនួន ១០៣០បណ្ណ ដល់ប្រជាពលរដ្ឋដែលរស់ នៅភូមិអន្លង់តាសេកលី ឃុំព្រែកអំបិល ស្រុកស្អាង នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ បើតាមរដ្ឋបាលខេត្តកណ្ដាល។

ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ បើតាមការថ្លែងរបស់ លោក គង់ សោភ័ណ្ឌ។

រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឱ្យមានភាពកាន់តែល្អប្រសើរឡើង។ បើតាមការថ្លែងបន្តទៀតរបស់អភិបាលខេត្តកណ្ដាល។

លោក បានបញ្ជាក់ថា ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាពក៏ដូចជាការវិនិយោគ។

លោក គង់ សោភ័ណ្ឌ បានថ្លែងបន្ថែមឱ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦លើក ស្មើនឹង ២៧០,៩២៦បណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង សរុបចំនួន ១,០៣០បណ្ណ ស្មើនឹង ៥១៣គ្រួសារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)