ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានចេញវិធានការបន្ថែមជាកញ្ចប់ ដោយបន្តពន្យារពេលអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការណែនាំរនស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនព្រទ្យផ្នែកបុរី។
បើតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាសកម្មភាពសង្គម សេដ្ឋកិច្ចកម្ពុជាបាននិងកំពុងបើកឡើងវិញជាបណ្ដើរៗតាមគន្លងប្រក្រតីភាពថ្មីក៏ដោយ បច្ចុប្បន្នដូចជាបណ្ដាប្រទេសនានា ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្ដីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសហានិភ័យនៃការងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល។
ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងការគាំត្រដល់កំណើនសេដ្ឋកិច្ចជារួម ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនបងប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាព ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ វិធានការបន្ថែមជាកញ្ចប់ ៨ចំណុច រួមមាន៖
ទី១-បន្តពន្យារពេលអនុវត្តការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។
ដោយឡែក ក្រុមហ៊ុនដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានបុរី ដែលគ្មានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួនដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ស្របតាមនីតិវិធីជាធរមានពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំយ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ។
ទី២-បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ តាមដំណាក់កាលពី១២ខែ ដល់១៨ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធតិចជាង ១លានដុល្លារ និង២៤ខែ ដល់៣៦ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១លានដុល្លារ។
ទី៣-ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន ( របបពិត ) និងត្រូវកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ។
ទី៤-បន្តពន្យារពេលការអនុវត្តពន្ធ លើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៤។
ទី៥-បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤ ។
ទី៦-លើកទឹកចិត្តនិងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញតាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាននិងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។
ទី៧-លើកលែងការផាកពិន័យផ្សេងៗចំពោះ គម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញ កាតព្វកិច្ចស្របតាមប្រកាសលេខ០៨៩ សហវ ប្រក ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ។
ទី៨-ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣ លើសេចក្ដីប្រកាសលេខ៥៦៣ សហវ ប្រក ស្ដីពី កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)