ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖ ភ្ញៀវជាតិចំនួន ១៣,១៣២,០៨០នាក់ និងភ្ញៀវអន្តរជាតិ ៥៥,៦៩១នាក់។ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលក្រសួងទេសចណ៍រទទួលបាន។
បើតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា ភ្ញៀវមានចំនួន ២.០៩៨.៥០១នាក់, ថ្ងៃទី១៥ ខែមេសា ភ្ញៀវមានចំនួន ៤២៣៧,៧៨០នាក់ និងថ្ងៃទី១៦ ខែមេសា ភ្ញៀវមានចំនួន ៦៨៥១,៤៩០នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ ខេត្តសៀមរាប ២.១២០.៣៧៣នាក់, ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់, ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់, រាធានីភ្នំពេញ ១.០៨០.៥០៩នាក់, ខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់, ខេត្តកំពត ៨៧០.៣៩៩នាក់, ខេត្តស្វាយរៀង ៧៦០.៣៩៩នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩នាក់, ខេត្តបន្ទាយមានជ័យ ៦៥០.០១៣នាក់ និងខេត្តកំពង់ស្ពឺ ៥១២,៨៩៨នាក់។
ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ១៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។ ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។ បើតាមការក្រសួងទេសចេណ៍។
ក្រសួងទេចរណ៍ បានបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃនៃពិធីបុណ្យ៣ថ្ងៃនេះ បណ្តារាជធានីខេត្តបានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងប្រជាពលរដ្ឋមានតាំងពីពេលព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ។
វិស័យឯកជនបានសំដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា Visit Cambodia Year។
ជារួម ក្រសួងទេសចរណ៍បានវាយតំលៃថា ចរន្តភ្ញៀវដ៏ច្រើនកុះករមិនធ្លាប់មានក្នុងឱកាសចូលឆ្នាំនេះ គឺបានមកពីការជឿជាក់លើភាពស៊ាំសហគមន៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំព្រឹត្តិការណ៍កម្សាន្តដ៏សំបូរបែប ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការធានាបាននូវសុខសន្តិភាពពេញលេញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានទូទាំងប្រទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna)