ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ជូនព័ត៌មានពីអាកាសធាតុក្ដៅ ឱ្យមានការប្រុងប្រយ័ត្នក្នុងអំឡុងពេលអាកាសធាតុក្ដៅ នៅឆ្នាំ២០២៣នេះ កាលពីឆ្នាំ២០២២ មនុស្សយ៉ាងហោចណាស់បានស្លាប់ ១,៥០០០នាក់ ពីព្រោះតែក្ដៅពេកនៅអឺរ៉ុប។ ប៉ុន្តែ នៅឆ្នាំ២០១៩ តាមការផ្សាយរបស់ The lancet ក្នុងបណ្ដាប្រទេសចំនួន៩ មានមនុស្សចំនួន ៣៥៦,០០០នាក់ បានស្លាប់ ក៏ដោយសារអាកាសធាតុក្ដៅខ្លាំងពេក ដែលចំនួននេះបានកើតឡើងទូទាំងសកលលោក។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំប្រពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រពលរដ្ឋដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមានដោយសារការទទួលរងនូវកម្ដៅក្ដៅខ្លាំងមានដូចជា៖
បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំង ខ្លាំង ចង្អោរ និង/ឬ ក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរ ក្បាលជាដើម។
ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារលោកអ្នកឱ្យបានល្អ និងចៀសផុតពីបញ្ហាសុខភាពដែល អាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុក្ដៅខ្លាំងនេះ សូមអនុវត្តនូវវិធីសាស្ត្រសាមញ្ញៗ រួមមាន៖
១. ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសារទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះតែទុកឱ្យត្រជាក់ ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អ ឱ្យបានច្រើន និងញឹកញាប់ លើសពី ២លីត្រ ក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមាន អារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការរាករូស និងជំងឺផ្សេងៗ ដោយរក្សាអនាម័យខ្លួនប្រាណស្អាត និងអនាម័យលើចំណីអហារផងដែរ។
២. ចៀសវាងការពិសារភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ មានដូចជា៖ ពិសារគ្រឿងស្រវឹង កាហ្វេ ភេជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។
៣. សូមកុំពិសារប្រៃ និងផ្អែម ដោយកាត់បន្ថយការទទួលទានជាតិអំបិល និងជាតិស្ករច្រើន។ ពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។ ចៀសវាងអាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និងជាតិខ្លាញ់ខ្ពស់។
៤. ស្លៀកសម្លៀកបំពាក់ជួយការពារកំដៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកំដៅថ្ងៃជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ ហើយឱស្សាហ៍ផ្លាស់ប្តូរសម្លៀកបំពាក់ ប្រសិនបើវាសើមខ្លាំង។
៥. ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកំដៅឡើងបន្ថែម។
៦. ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក (ត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកំដៅព្រះអាទិត្យ) និងកាត់បន្ថយការឱ្យពន្លឺព្រះអាទិត្យចូលក្នុងផ្ទះច្រើនពេក និងយូរពេក ដើម្បីកាត់បន្ថយកំដៅចូលក្នុងផ្ទះ។
៧. ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។
៨. ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្ដូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្តាលឱ្យមានការថយចុះកំដៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។
៩. ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅមានការថយចុះមកត្រជាក់ ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យក្តៅបំផុត។ ហាត់បន្សំខ្លួនជាបណ្តើរៗ សម្រាប់លក្ខខណ្ឌអាកាសធាតុក្តៅ។
១០. ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការដោយសុវត្ថិភាពនៅក្នុងកំដៅដែលអាចទ្រាំទ្របាន ធ្វើការសន្សឹមៗ កុំប្រញាប់ប្រញាល់ ដែលមានការចំណាយកម្លាំងច្រើនដោយគំហុកភ្លាមៗហើយក្តៅខ្លាំង។
១១. ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងដែលត្រជាក់ ឬម៉ាស៊ីនត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ ឬទីតាំងដែលត្រជាក់ តាមដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថា រាង្គកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាចទប់ទល់ចំពោះកំដៅក្នុងកម្រិតណាមួយ។
១២. ពឹងផ្អែកតែលើកង្ហារជាឧបករណ៍ធ្វើឱ្យត្រជាក់ជាចម្បងរបស់លោកអ្នក អំឡុងពេលមានកំដៅខ្លាំង ត្រូវប្រើមធ្យោបាយផ្សេងៗ ដើម្បីបន្ថយកំដៅ។
១៣. កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ វានឹងធ្វើឱ្យអ្នកនិងផ្ទះរបស់អ្នកកាន់តែក្តៅ។
១៤. សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ចោលដោយមិនបានអើតមើលពួកគាត់។
១៥. ប្រសិនបើមានរោគសញ្ញាដូចជា៖ វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលច្រពើក ជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកំដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ត្រូវសម្រាកពី ២-៥នាទី ហើយពិសារទឹកត្រជាក់យឺតៗ កុំបន្តសកម្មភាពពីព្រោះអាចមានហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាពត្រូវស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)