ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន៥ ដែលមានទុនវិយោគសរុប ៣៥.៩លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ ៣កន្លែង តាកែវ ១កន្លែង និងភ្នំពេញ ១កន្លែង។
ក្រមហ៊ុនទាំង៥ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖
១-ក្រុម្ហ៊ុន LIN WEN CHIH SUNZEAL ENTERPRISES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ស្ថិតនៅផ្លូវលេខ៤៤ ភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩៥៥កន្លែង។
២-ក្រុមហ៊ុន HUANG THENG PACKAGING CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ (Stretch film, Shrink film, Poly bag) ស្ថិតនៅដីឡូតិ៍លេខ៦៣៩ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៨កន្លែង។
៣-ក្រុមហ៊ុន PENGJIAO (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,២៥៨កន្លែង។
២-ក្រុមហ៊ុន ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៧៦កន្លែង។
៣-ក្រុមហ៊ុន SSH CB SUSTAINABLE FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,១៤៨កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)