កំពង់ឆ្នាំង៖ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាមទាំងពីរ លោក ស៊ុន ចាន់ថុល បាន ថ្លែងអំណរគុណ ADB ដែលជាដៃគូអភិវឌ្ឍន៍តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន។
ជាមួយគ្នា លោក បានអរគុណ ក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ទីលានទុកដាក់សំរាមទាំងពីរកន្លែងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពការរស់នៅបងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ។ បើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល។
គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១.៦៥ហិកតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០.៦៤ហិកតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជម្រៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០,០០០ម៉ែត្រគីប។
គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ១.៣៩លានដុល្លារ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។
ទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ហិកតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០.៧២ហិកតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជម្រៅ ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០,០០០ម៉ែត្រគីប។
គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)