ភ្នំពេញ៖ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ-១៩យ៉ាងណាក្តី ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ ដែលជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជាកាលពីឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។
នៅក្នុងជំនួបពិភាក្សា ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Park Jung Wook បានបញ្ជាក់ថា ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
ក្នុងជំនួបនោះ លោក Park Jung Wook គោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូង ជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាប សម្តេចតេជោ ថា លោកបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ-១៩យ៉ាងណាក្តី។
លោក Park Jung Wook បានបន្តថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក Park Jung Wook ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះ លោក Park ដែលបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេចតេជោ ក៏ដូចជាការប្ដេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយមិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជាធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)