ភ្នំពេញ៖ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានបញ្ជាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា មហិច្ឆតារបស់លោក គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ បរិស្ថាន និងវិស័យដទៃទៀត ក្នុងគោលដៅពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនឹងខ្លាំងឡើង។
ការបង្ហាញមហិច្ឆតា របស់ លោក ដូមីនិក វីលៀម នាឱកាសដែល សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមការឱ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ដូមីនិក វីលៀម បានសូមការអនុញ្ញាតពីសម្តេចតេជោ ប្រើប្រាស់ និងនិយាយជាសាខ្មែរ។ លោក ដូមីនិក បានជម្រាបជូនសម្ដេចតេជោថា លោក ធ្លាប់បានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ បើប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ន លោកបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានោះ លោក ដូមីនិក វីលៀម បានសម្ដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន លើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការនាំនូវសុខសន្តិភាព និងស្ថេរភាព នយោបាយសម្រាប់កម្ពុជា, ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ, គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ, ដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងការយកចិត្តទុកដាក់របស់ សម្ដេចតេជោ លើការដោះមីន និងនាំកម្ពុជាឈានទៅជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ជាការឆ្លើយតប ប្រមុខរាជដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ និងអបអរសាទរជូនចំពោះ លោក ដូមីនិក ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ លោក ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជា ក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ លោក ដូមីនិក ដែលបាននិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ សម្ដេចតេជោ ក៏បានថ្លៃអំណរគុណចំពោះចក្រភពអង់គ្លេស ដែលបានជួយកម្ពុជាលើការដោះមីនផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានរងនូវសោកនាដកម្មជាង៤០ឆ្នាំមកហើយដោយសារគ្រាប់មីន ពេលនេះកម្ពុជាកំពុងប្រើធនធានយ៉ាងច្រើនជាមួយធនធានសប្បុរសជន ក៏ដូចជាធនធានរបស់ដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានបញ្ជាក់ជូន លោក ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគអង់គ្លេស មកកាន់កម្ពុជាកាន់តែច្រើនថែមទៀតនាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)