Register Already an agent ? Login

លោកស្រី អ៊ឹង កន្ថាផាវី៖ ស្ត្រីជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម

ភ្នំពេញ៖ ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ បើតាមការថ្លែងរបស់ លោក លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានបន្តថា កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤% និងប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។

ការខាងលើរបស់ លោកស្រី អ៊ឹង កន្ថាផា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងបន្តទៀតថា នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០% ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២នាក់ នៃមន្ត្រីរាជការសរុប ២៨,៥៤២នាក់បាន។

លោកស្រី អ៊ឹង កន្ថាផា បានបន្ថែមថា ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះនៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយៈយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រីតម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាលភាពការងារដើម្បីឆ្លើយតបទៅការវិវដ្ដថ្មីៗ និងបញ្ហារបស់ស្ត្រីនិងក្មេងស្រី មានជាអាទិ៍៖ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ជាដើម។

នៅក្នុងកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)