Register Already an agent ? Login

CDC ជំរុញរដ្ឋបាលខេត្តកោះកុងសហការជាមួយក្រុមហ៊ុនវិនិយោគនៅតំបន់កោះយ៉ឱ្យបានជោគជ័យ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងដំណើរ បេសកម្មចុះត្រួតពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជន នៅតំបន់កោះ ឆ្នេរ និងរមនីយដ្ឋាននានាក្នុងខេត្តកោះកុង បានកាលពីថ្ងៃទី៦ ខែសីហានេះ បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុងសហការជាមួយក្រុមហ៊ុនវិនិយោគនៅតំបន់កោះយ៉ឱ្យសម្រេចតាមផែនការ និងជោគជ័យ។ បើតាមរដ្ឋបាលខេត្តកោះកុង។

រដ្ឋបាលខេត្តបានបន្តថា ក្នុងដំណើរបេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូបានចុះទៅពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ឡាញ នៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

រដ្ឋបាលខេត្តបានបន្ថែមថា ក្រុមការងារខេត្តចូលរួម ជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ បានចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមនីយដ្ឋាននានាជាមួយរដ្ឋាភិបាល។

តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរ រដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះឱ្យអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្តឱ្យបានល្អប្រសើរ។ ជាការបញ្ជាក់របស់ រដ្ឋបាលខេត្តកោះកុង។

សូមបញ្ជាក់ ខេត្តកោះកុង ជាខេត្តជាប់តំបន់ឆ្នេរ និងតំបន់ប្រជុំកោះ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែង ២០៦គីឡូម៉ែត្រ វែងជាងគេក្នុងចំណោមខេត្តទាំងបួនដែលមានឆ្នេរដូចគ្នា គឺព្រះសីហនុ កំពត និងកែប។ ខេត្តនេះ សម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់ខេត្ត។ ក្នុងនោះមានកោះចំនួន ២៣កោះ៕

ដោយ៖ Moeun Dyna