Register Already an agent ? Login

តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 កំពុងពុះ​កញ្ជ្រោល​ឡើង​ខ្លាំង

បច្ចុប្បន្នេះ សម្រាប់​ដី​ដែល​ស្ថិតនៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ កំពុងតែបន្ត​កើនឡើង​នូវ​តម្លៃ​គួរឱ្យកត់សម្គាល់ ជាពិសេស​ដី​ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ​តែ​តែម្ដង។ ដោយឡែក​សម្រាប់​ដី​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ដែល​ចេញពី​រង្វង់​មូល​ចោមចៅ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់​ខេត្តតាកែវ និង​កំពត​នោះ​ក៏មាន​កំពុងមាន​សន្ទុះ​ខ្លាំង​គួរឱ្យកត់សម្គាល់​ផងដែរ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Centur21 Mekong បាន​ទទួលស្គាល់ថា បច្ចុប្បន្ននេះ​ចំពោះ​តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​ពិតមែន ដែល​ឡើង​ប្រមាណ​ជាង 30-40 ភាគរយ ក៏ប៉ុន្តែ​លោក​ថា​មិនមែន​ឡើងថ្លៃ​គ្រប់​តំបន់​នោះទេ ។ លោក​បាន​បញ្ជាក់ថា ៖ «តម្លៃ​ដី​វា​ឡើង​នៅតាម​តំបន់​មួយចំនួន ដូចជា​តំបន់​ដែលមាន​សកម្មភាព​ពាណិជ្ជ​កម្ម ក៏ដូចជា​តំបន់​ដែលមាន​រោងចក្រ និង​ទីប្រជុំជន​ជាដើម។ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​តំបន់​មិនទាន់មាន​សកម្មភាព​អភិវឌ្ឍ គឺ​ហា​ក់នៅ​ទ្រឹង​នៅឡើយ។

កត្តា​ដែល​ជម្រុញ​ឱ្យ​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3ឡើងថ្លៃ ក៏​ព្រោះតែ ទី1រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​ពង្រីក​ផ្លូវជាតិ​រហូតដល់4គន្លង និង​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​ដូច​ផ្លូវជាតិ​លេខ 6A ។ ទី2 ដោយសារ​កត្តា​ប្រជាសាស្ត្រ​មានការ​កើនឡើង ដែល​តម្រូវឱ្យមាន​កំណើន​សំណង់​លំនៅដ្ឋាន ។ ជាក់ស្ដែង​ដូចជា​ពេលបច្ចុប្បន្ន​នេះ​ស្រាប់ បណ្តា​អ្នកវិនិយោគ​មួយចំនួន​បាន និង​កំពុងធ្វើការ​វិនិយោគ​ទៅលើ​តំបន់​នេះ​យ៉ាងគំហុក ដូចជា​ការ​ពុះ​ដី​ឡូ​តិ៍ និង​ការអភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​ជាដើម ហើយ​ទី3 គឺ​កត្តា​កំណើនសេដ្ឋកិច្ច​តែម្ដង។

បន្ថែម​ពីនេះ លោក ច្រឹ​ក សុខ​នី​ម ក៏បាន​បង្ហាញ​ពី​ក្ដី​រំពឹងទុក​ផងដែរ​ថា ផ្អែក​តាម​ភាពជាក់ស្ដែង​ដែល​កំពុងមាន​ល្អប្រសើរ​លើ​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះ សម្រាប់​ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 នឹង​បន្ត​កើន​តម្លៃ​កាន់​ខ្ពស់​នៅត្រឹម​រយៈពេល3-5ឆ្នាំ ខាងមុខនេះ ៕

ប្រភព : Property area